សហរដ្ឋអាមេរិក បានចាប់ផ្ដើមជំនួបដាច់ដោយឡែកជាមួយក្រុមគណៈប្រតិភូមកពីអ៊ុយក្រែន និងរុស្ស៊ី នៅអារ៉ាប៊ីសាអ៊ូឌីត ខណៈបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានសម្តែងសុទិដ្ឋិនិយមអំពីឱកាសនៃការបញ្ចប់ជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានពិភាក្សាកាលពីថ្ងៃអាទិត្យ ២៣ មីនាពីសំណើដើម្បីការពារបរិក្ខារថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាផ្នែកមួយនៃការជំរុញការទូតដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំមកនេះ។

លោក Witkoff បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថាលោកមានអារម្មណ៍ថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ចង់បានសន្តិភាព ។
លោកគិតថាអ្នកនឹងមើលឃើញនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងថ្ងៃចន្ទនេះ នូវវឌ្ឍនភាពពិតប្រាកដមួយចំនួន ជាពិសេសបទឈប់បាញ់នៅសមុទ្រខ្មៅលើនាវារវាងប្រទេសទាំងពីរ។ ហើយក្រោយមក អ្នកនឹងបានមើលឃើញបទឈប់បាញ់ពេញលេញ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា គណៈប្រតិភូប្រទេសរបស់លោកទទួលបន្ទុកការកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យកំពុងដំណើរការក្នុង "លក្ខណៈស្ថាបនាទាំងស្រុង" ដោយបន្ថែមថា "ការសន្ទនាពិតជាមានប្រយោជន៍ ហើយការងាររបស់គណៈប្រតិភូកំពុងបន្ត" ។
លោក Zelenskyy បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ប៉ុន្តែមិនថាយើងនិយាយអ្វីទៅកាន់ដៃគូរបស់យើងនៅថ្ងៃនេះទេ យើងត្រូវឱ្យលោក Putin ចេញបញ្ជាពិតប្រាកដដើម្បីបញ្ឈប់ការវាយប្រហារទាំងឡាយ៕