កូនស្រីរបស់លោក Duterte បាននិយាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា ថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ជឿជាក់ថាលោកគ្មានករណីណាដើម្បីឆ្លើយនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ទេ ហើយមានទំនុកចិត្តថាលោកមានអំណះអំណាងផ្លូវច្បាប់ខ្លាំង។

លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន បានប្រាប់អ្នកសារព័ត៌មានថា ឪពុករបស់លោកស្រី ពេលនេះមានសុខភាពប្រសើរជាងមុន បន្ទាប់ពីហាក់ដូចជាចុះខ្សោយកម្លាំង និងមានអារម្មណ៍ភាំងៗ នៅក្នុងសវនាការលើកដំបូងរបស់លោកនៅ តុលាការ ICC ។
លោក Duterte បានប្រាប់អ្នកសារព័ត៌មានថា «លោកមានទំនុកចិត្តយ៉ាងខ្លាំងចំពោះទឡ្ហីករណ៍ផ្លូវច្បាប់។

អតីតប្រធានាធិបតីវ័យ៧៩ឆ្នាំរូបនេះ ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលជាប់ទាក់ទងទៅនឹង «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់លោក ដែលមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់។
បច្ចុប្បន្នលោកកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ដោយរង់ចាំការបញ្ជាក់ពីសវនាការលើបទចោទប្រកាន់ នៅថ្ងៃទី ២៣ ខែកញ្ញា ដែលលោកនឹងមានឱកាសតតាំងចំពោះការចោទប្រកាន់មកលើរូបលោក។