នាយករដ្ឋមន្ត្រីប្រទេសកាណាដាថ្មី លោក Mark Carney កាលពីថ្ងៃអាទិត្យ បានអំពាវនាវការបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី ២៨ ខែមេសា ដោយបាននិយាយថា លោកត្រូវការអាណត្តិមួយដ៏រឹងមាំ ដើម្បីដោះស្រាយការគំរាមកំហែងបង្កឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែល «មានបំណងបំបែកពួកយើង ដើម្បីអោយអាមេរិកជាម្ចាស់របស់ពួកយើង»។

ការអត្ថាធិប្បាយ បានបង្ហាញពីវិសាលភាពទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលជាសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ បានធ្លាក់ចុះយ៉ាប់យ៉ឺន ចាប់តាំងពីលោក Trump បានដំឡើងពន្ធលើប្រទេសកាណាដា និងបានគំរាមដាក់បញ្ចូលឧបសម្ព័ន្ធប្រទេសកាណាដា ជារដ្ឋទី៥១ ។
ទោះបីជា ការបោះឆ្នោតនៅពេលបន្ទាប់នេះ មិនកំណត់ពេលរហូតដល់ថ្ងៃទី២០ ខែតុលា ក៏ដោយ ក៏លោក Carney សង្ឃឹមថានឹងទទួលបានការស្តារឡើងវិញធ្វើឡើងដោយគណបក្សសេរីនិយមរបស់លោក ក្នុងការស្ទង់មតិចាប់តាំងពីខែមករា នៅពេលដែល លោក Trump ចាប់ផ្តើមគំរាមកំហែងប្រទេសកាណាដា ហើយអតីតនាយករដ្ឋមន្ត្រី លោក Justin Trudeau បានប្រកាសលាលែងពីតំណែង។
នៅពេលស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែមីនា លោក Carney បាននិយាយថាលោកអាចធ្វើការជាមួយនិងគោរព លោក Trump ។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ លោក បានប្រើវិធីសាស្ត្រជំទាស់កាន់តែខ្លាំង។ លោក Carney និយាយថា «ការឆ្លើយតបរបស់យើង ត្រូវតែកសាងសេដ្ឋកិច្ចដ៏រឹងមាំ ហើយប្រទេសកាណាដា ត្រូវធានាបានសន្តិសុខបន្ថែមទៀត»។ ប្រធានាធិបតី លោក Trump បានអះអាងថា កាណាដា មិនមែនជាប្រទេសពិតប្រាកដទេ។ លោកមានបំណងបំបែកពួកយើង ដើម្បីអោយអាមេរិកជាម្ចាស់លើពួកយើង។ យើងនឹងមិនអនុញ្ញាតឱ្យមានរឿងនោះកើតឡើងឡើយ។