តុលាការប្ររទេសទួរគី កាលពីថ្ងៃអាទិត្យ បានដាក់ពន្ធនាគារអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងផ្នែកនយោបាយដ៏សំខាន់របស់ប្រធានាធិបតី លោក Tayyip Erdogan ដោយរង់ចាំការកាត់ទោសលើការចោទប្រកាន់ពីបទពុករលួយ ជាចំណាត់ការមួយបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេស។

ការសម្រេចបញ្ជូន លោក Imamoglu ទៅកាន់ពន្ធនាគារ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងធំ មេដឹកនាំអឺរ៉ុប និងបាតុកររាប់សែននាក់ បានរិះគន់ចំណាត់ការមកលើរូបលោក ថាជាហេតុផលនយោបាយ និងគ្មានលទ្ធិប្រជាធិបតេយ្យ។ មានសញ្ញាថា បញ្ហាជាច្រើនរបស់អភិបាលក្រុងរូបនេះ កំពុងប្រឆាំងរដ្ឋាភិបាលរបស់លោក Erdogan ដែលបានគ្រប់គ្រងប្រទេសទួរគីរយៈពេល២២ឆ្នាំមកហើយ។

សមាជិកគណបក្សប្រជាសាធារណៈរដ្ឋ និងពុំមែនជាសមាជិកជិត១៥លាននាក់ ភាគច្រើនបានចូលទៅក្នុងការិយាល័យបោះឆ្នោតទូទាំងប្រទេស ដើម្បីបោះឆ្នោតឬគាំទ្រ លោក Imamoglu ជាបេក្ខជនរបស់ខ្លួននៅក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលអនាគត។
លោក Imamoglu បានបដិសេធការចោទប្រកាន់នានាដែលថាលោកប្រឈម«ការចោទប្រកាន់ និងការបង្កាច់បង្ខូច ដែលមិននឹកស្មានដល់» ហើយបានអំពាវនាវឱ្យមានការតវ៉ានៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ។