ចំហេះព្រៃ ត្រូវបានរាយការណ៍នៅតំបន់ភ្នំនៃខេត្តចំនួនពីរនៅភាគខាងលិចប្រទេសជប៉ុន។ អ្នកស្រុក ក្នុងតំបន់មួយចំនួនត្រូវបានជំរុញឱ្យជម្លៀសខ្លួនចេញ។ កាលពីរសៀលថ្ងៃអាទិត្យ នៅក្នុងខេត្ត Okayama ចំហេះព្រៃបានឆាបឆេះឡើងនៅក្នុងសង្កាត់ Minami នៃខេត្ត Okayama ។

ចំហេះព្រៃ នៅតែឆាបឆេះរាលដាលនៅតំបន់ភ្នំមួយកន្លែងនៅភាគខាងជើងឧបទ្វីប Kojima ដែលនៅតាមជើងភ្នំមួយចំនួន មានលំនៅឋាន និងរោងចក្រ។ គិតត្រឹមយប់ថ្ងៃអាទិត្យ ចំហេះព្ឬៃបានឆេះរាលដាលលើផ្ទៃដីជាង ១០០ហិកតារ។

សង្កាត់មួយក្នុងក្រុង Tamano ស្ថិតក្នុងចំណោមផ្នែកដែលរងការបំផ្លាញខ្លាំង។ ក្រុមពន្លត់អគ្គិភ័យ បានបន្តធ្វើការដើម្បីបាញ់ពន្លត់ចំហេះព្រៃ ហើយជាមួយគ្នានេះ មន្ត្រីក្រុង បានចេញបទបញ្ជាជម្លៀសប្រជាជនប្រមាណ ៩០០ នាក់។ ពួកគេនិយាយថា អណ្តាតភ្លើងកំពុងឆេះខិតជិតដល់ទីតាំងលំនៅ នៅតំបន់ជើងភ្នំ។
ចំហេះព្រៃមួយផ្សេងទៀត បានឆាបឆេះនៅក្រុង Imabari ក្នុងខេត្ត Ehime ប្រទេសជប៉ុន។ មន្ត្រីពន្លត់អគ្គិភ័យ បានទទួលរបាយការណ៍អំពីគ្រោះអគ្គិភ័យកាលពីរសៀលថ្ងៃអាទិត្យ និងបាននិយាយថា រថយន្តពន្លត់អគ្គិភ័យ និងឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូនទៅដើម្បីពន្លត់ភ្លើងព្រៃ ហើយមន្ត្រីកំពុងជំរុញឲ្យប្រជាជនដែលរស់នៅក្បែរតំបន់ចំហេះព្រៃជម្លៀសខ្លួនចេញ។
ផ្នែកខ្លះនៃផ្លូវល្បឿនលឿនក្នុងតំបន់ត្រូវបានបិទ ដោយសារតែនៅជិតអណ្តាតភ្លើងនៃចំហេះព្រៃ។