ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានប្រាប់ឲ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមីនា) អំឡុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល ពោលគឺមួយថ្ងៃបន្ទាប់ពីមានការកើនឡើងនូវភាពតានតឹងយ៉ាងខ្លាំងបំផុត គិតចាប់តាំងពីបានឈានដល់បទឈប់បាញ់ កាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡា។

បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ (NNA) បានរាយការណ៍ពីការវាយប្រហារលើភូមិ នៅភាគខាងត្បូង ក្រសួងសុខាភិបាល បានឲ្យដឹងថា៖ «ពួកសត្រូវ គឺអ៊ីស្រាអែល បានវាយឆ្មក់ដោយប្រើយានដ្រូនលើរថយន្តនៅភូមិ Aita al-Shaab ដែលបានបណ្តាលឲ្យមានពលរដ្ឋម្នាក់ស្លាប់»។

ក្រោយមក យោធាអ៊ីស្រាអែលបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបាន «វាយប្រហារ និងកម្ចាត់» សមាជិករបស់ក្រុមហេសបូឡា «នៅក្នុងតំបន់ Aita al-Shaab»។ ជាមួយគ្នានេះ សារព័ត៌មាន NNA ក៏បានរាយការណ៍ផងដែរពីការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល កាលពីថ្ងៃទី២៣ ខែមីនា ទៅលើតំបន់ Naqurah, Shihin និង Labbouneh នៅភាគខាងត្បូងក្បែរព្រំដែនអ៊ីស្រាអែល។
សូមបញ្ជាក់ថា ថ្ងៃទី២២ ខែមីនា បានឃើញមានការកើនឡើងនូវភាពតានតឹងយ៉ាងខ្លាំងក្លាបំផុត គិតចាប់តាំងពីមានបទឈប់បាញ់ នៅខែវិច្ឆិកាឆ្នាំមុន ជាកិច្ចព្រមព្រៀងដែលបានបញ្ឈប់សង្គ្រាម រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។
ក្រសួងសុខាភិបាលលីបង់ បានបញ្ជាក់ថា មានមនុស្ស ៧នាក់បានបាត់បង់ជីវិត អំឡុងការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនានោះ ក្នុងនោះរួមមានទាំងការវាយប្រហារលើទីក្រុង Tire ដែលប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មាន AFP បានកំណត់គោលដៅលើមន្ត្រីរបស់ក្រុមហេសបូឡា។
អ៊ីស្រាអែលបានប្រាប់ថា ការវាយប្រហារនោះ គឺជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ូកែតសំដៅឆ្ពោះទៅដែនដីខ្លួន។ តែក្រុមហេសបូឡាបានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ក្នុងការបាញ់គ្រាប់រ៉ូកែតទាំងនោះ ហើយបានចាត់ទុកការចោទប្រកាន់របស់អ៊ីស្រាអែលថា «ជាលេស ដើម្បីចាប់ផ្ដើមការវាយប្រហាររបស់ខ្លួនឡើងវិញលើប្រទេសលីបង់»៕