ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអនុម័តលើញត្តិដកសេចក្ដីទុកចិត្ត ចំពោះអគ្គរដ្ឋអាជ្ញា កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមីនា) ជាចំណាត់ការចុងក្រោយបង្អស់របស់ស្ថាប័ននេះលើមន្ត្រីដែលត្រូវបានចាត់ទុកថា ជាអរិភាព ចំពោះរដ្ឋាភិបាល ដោយការសម្រេចនេះ បានផ្គើននឹងក្រុមអ្នកតវ៉ាដែលបានបង្ហាញខ្លួននៅតាមដងផ្លូវអស់រយៈពេល ៦ថ្ងៃមកហើយ។

ក្រោយមានការបោះឆ្នោតនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yariv Levin បានអំពាវនាវឲ្យលោកស្រី Gali Baharav-Miara លាលែងពីតំណែង ដោយនិយាយថា «ការយល់ឃើញខុសគ្នាច្រើន និងយូរអង្វែង» បានរារាំងដល់ការមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រវាងរដ្ឋាភិបាល និងប្រមុខទីប្រឹក្សាច្បាប់របស់ខ្លួន។

ការបោះឆ្នោតប្រឆាំងនឹងអគ្គរដ្ឋអាជ្ញា ដែលជាញឹកញាប់បានប៉ះទង្គិចជាមួយរដ្ឋាភិបាល ជុំវិញភាពស្របច្បាប់នៃគោលនយោបាយមួយចំនួន បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីគណៈរដ្ឋមន្ត្រី បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំដោយសារការអនុម័តដកតំណែងប្រធានទីភ្នាក់ងារចារកម្ម Shin Bet គឺលោក Ronen Bar បន្ទាប់ពីលោក Netanyahu បាត់បង់ទំនុកចិត្តលើរូបលោក។

ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានចូលរួមបាតុកម្មកាលពីសប្តាហ៍មុន ខណៈដែលកំហឹង ដោយសារការដកតំណែងលោក Bar ដែលទីភ្នាក់ងាររបស់លោក កំពុងស៊ើបអង្កេតការចោទប្រកាន់ ជុំវិញអំពើពុករលួយដែលភ្ជាប់កាតាជាមួយការិយាល័យរបស់លោក Netanyahu បានរួមបញ្ចូលជាមួយនឹងក្ដីបារម្ភ ចំពោះចំណាប់ថ្នូរអ៊ីស្រាអែល បន្ទាប់ពីយុទ្ធនាការទម្លាក់គ្រាប់បែកនៅហ្កាហ្សា បានចាប់ផ្ដើមឡើងវិញ។

ការបណ្តេញចុងក្រោយលើលោកស្រី Baharav-Miara អតីតមន្ត្រីយុត្តិធម៌ប្រចាំតំបន់ដែលត្រូវបានតែងតាំងក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីមុន លោក Naftali Bennett អាចប្រើរយៈពេលជាច្រើនខែ។ ការបញ្ចប់តំណែងរបស់លោក Bar ដែលត្រូវបានអនុម័តដោយខុទ្ទកាល័យ ទោះបីជាមានការជំទាស់ពីរដ្ឋអាជ្ញាក៏ដោយ បានពន្យារពេល ២សប្តាហ៍ ដោយសារមានដីកាបណ្តោះអាសន្នពីតុលាការកំពូល។
ចំណាត់ការប្រឆាំងនឹងមន្ត្រីទាំង ២រូប បាននាំឲ្យមានរិះគន់ពីបាតុករ និងក្រុមប្រឆាំងថា រដ្ឋាភិបាលស្តាំនិយមរបស់លោក Netanyahu កំពុងបំផ្លាញស្ថាប័នរដ្ឋសំខាន់ៗ៕