ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើទុក្ខបុកម្នេញនិងរំលោភសិទ្ធិជនអន្តោប្រវេសន៍វេណេស៊ុយអេឡា។ ដោយថ្កោលទោសការឃុំខ្លួន និងការនិរទេសជនជាតិវេណេស៊ុយអេឡា ចំនួន ២៤០ នាក់ ទៅកាន់ប្រទេសអែល សាវ៉ាឌ័រ ថាជាទង្វើ «ឃោរឃៅ» និង «អយុត្តិធម៌» លោក Maduro បាននិយាយថា ការនិរទេស ត្រូវបានអនុវត្តក្នុងលក្ខណៈគួរឲ្យ «អាម៉ាស់» ដោយគ្មានដំណើរការត្រឹមត្រូវ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋបាលសហរដ្ឋអាមេរិក បាននិរទេសមនុស្សជិត៣០០នាក់ ដែលខ្លួនបានកំណត់ថាជាសមាជិកនៃក្រុម Tren de Aragua (TdA) និងបានអះអាងថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹង «ការឈ្លានពាន» ពី «អង្គការភេរវកម្មបរទេស» មួយនេះ។

ច្បាប់សម័យសង្រ្គាម អនុញ្ញាតឱ្យមានការនិរទេសជនអន្តោប្រវេសន៍ណាម្នាក់ដែលខ្លួនកំណត់ថាជាសមាជិកនៃក្រុមជនអន្ធពាលដោយមិនចាំបាច់ឆ្លងកាត់ដំណើរការអន្តោប្រវេសន៍។
លោក Maduro បាននិយាយថា «យើងនឹងមិនសម្រាកនោះទេ រហូតដល់យុវជនស្លូតត្រង់ទាំងនោះ ត្រឡប់ទៅដល់ប្រទេសវេណេស៊ុយអេឡា»។ រដ្ឋាភិបាលវេណេស៊ុយអេឡា បានប្រកាសពីផែនការបន្តជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដោយផ្ទាល់ សម្រាប់ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។