កំពង់ធំ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជំរុញអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការរុករាន ទន្រ្ទានដីព្រៃលិចទឹកនៅក្នុងតំបន់ការពារឲ្យម៉ត់ចត់ និងសិក្សាបន្ទាន់ពីការទន្ទ្រានព្រៃលិចទឹក ដើម្បីដកហូត មកជាទ្រព្យសម្បត្តិរដ្ឋវិញ។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១, ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់យកដី នៅតំបន់ជុំវិញបឹង ទន្លេសាប (តំបន់៣)។ ក្នុងឱកាសនោះ ឯកឧត្តម ជំរុញដល់អាជ្ញាធរគ្រប់អង្គភាពរួមគ្នាជាធ្លុងមួយទប់ស្កាត់ ការទន្ទ្រាន ព្រៃលិចទឹក និងរៀបចំសិក្សាដកហូតបន្ទាន់លើដីដែលកាន់កាប់ខុសច្បាប់ មកជាទ្រព្យសម្បត្តិរដ្ឋ វិញ។ ឯកឧត្តមបន្តថា គ្រប់ដីទាំងអស់ដែលត្រូវបានកាន់កាប់ត្រូវពិនិត្យឲ្យបានច្បាស់លាស់មិនត្រូវឲ្យជន ឆ្លៀតឱកាសលួចទាញប្រយោជន៍ធ្វើជាកម្មសិទ្ធិ ដោយមានបង្អែកជាអ្នកមានអំណាយ ឬមន្រ្តីជំនាញរូបណា មួយផ្សំគំនិតនោះឡើយ។ ទន្ទឹមនោះ ដីវិនោយោគសេដ្ឋកិច្ច២៥ឆ្នាំ ត្រូវមានឯកសារជាលាយល័ក្ខអក្សរ ច្បាស់លាស់ និងរៀបចំលិខិតបញ្ចប់កិច្ចសន្យាបន្ទាន់ចំពោះដីដែលមានឯកសារមិនត្រឹមត្រូវតាមគោលការណ៍ រដ្ឋបាល ដើម្បីដកហូតមកជាទ្រព្យសម្បត្តិរដ្ឋវិញ។ ហើយរាជរដ្ឋាភិបាលក៏មិនអនុញ្ញាត្តិឲ្យមានសកម្មភាព ទន្ទ្រានដីព្រៃបន្ថែមឡើយ ជាពិសេសក៏មិនអាចកាត់ដីរបស់រដ្ឋឲ្យជនខិលខូច, ប៉ុន្តែនឹងការដកហូតដោយ ឥតលក្ខ័ណ្ឌមកជាដីរបស់រដ្ឋវិញឲ្យខានតែបាន។ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តកំពង់ធំ, លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននីតិវិធី និងឈានទៅដល់ការកាត់ក្តីលើសុំណុំរឿងដីព្រៃលិចទឹកឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ ខ្លីខាងមុខនេះ។
តាមរបាយការណ៍បញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី ដែលក្នុងនោះនៅ៖ -ឆ្នាំ២០២១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ, -ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ និងឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន៕ ករណីទាំងអស់នេះ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមស៊ើបសួរ។









