បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) បានសម្តែងការព្រួយបារម្ភចំពោះអ្វីដែលខ្លួនបាននិយាយថា ជាការចាប់ខ្លួនមនុស្សតាមអំពើចិត្ត ក្នុងនោះមានមេធាវី និងសមាជិកនៃតុលាការ ដោយអំពាវនាវឲ្យមានការដោះលែងពួកគេ ជាបន្ទាន់។

អង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«UNSMIL មានការព្រួយបារម្ភចំពោះរលក នៃការចាប់ខ្លួន និងការឃុំឃាំងមនុស្សដោយបំពាន នៅទូទាំងប្រទេសលីប៊ី ដោយអ្នកអនុវត្តច្បាប់ និងក្រុមសន្តិសុខ»។
«ក្រុមសន្តិសុខទាំងនេះ កំពុងប្រើប្រាស់អំណាចនៃការចាប់ខ្លួន និងការឃុំខ្លួនរបស់ពួកគេ ដើម្បីកំណត់គោលដៅលើបុគ្គលជុំវិញការជាប់ពាក់ព័ន្ធផ្នែកនយោបាយរបស់ពួកគេ ដើម្បីបំបិទមាត់ក្រុមប្រឆាំង និងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ»។

ប្រទេសលីប៊ី បានតស៊ូដើម្បីងើបឡើងវិញពីភាពវឹកវរ ដែលបានកើតឡើង បន្ទាប់ពីការបះបោរឆ្នាំ ២០១១ ។
ប្រទេសនេះ នៅតែមានការបែកបាក់គ្នា រវាងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នៅទីក្រុងទ្រីប៉ូលី និងអាជ្ញាធរគូប្រជែង នៅភាគខាងកើត។
បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) ក៏បានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់ការសារភាពដែលត្រូវបានគេថត នៅកន្លែងដែលបុគ្គលត្រូវបានឃុំខ្លួន និងបង្ខិតបង្ខំឲ្យ«សារភាព» ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ ដោយមានវីដេអូដែលគេបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។