អភិបាលតំបន់នៃទីក្រុងគីវ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាស ៣ យប់ជាប់ៗគ្នា លើទីក្រុងគីវ ដោយបានបង្កឲ្យមនុស្សម្នាក់ រងរបួស និងបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងតំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែននេះ។

អភិបាលតំបន់លោក Mykola Kalashnyk បាននិយាយនៅក្នុងការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា បុរសអាយុ ៣៧ ឆ្នាំម្នាក់ បានរងរបួសដងខ្លួន និងក្បាលរបស់ខ្លួន ដោយសារត្រូវអំបែង គ្រាប់។
លោក Kalashnyk បាននិយាយថា៖«បុរសនោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ»។
រដ្ឋបាលក្នុងតំបន់នេះ បាននិយាយនៅលើបណ្តាញ Telegram កាលពីល្ងាចថ្ងៃអាទិត្យថា នៅតំបន់ Zaporizhzhia ភាគអាគ្នេយ៍ ការវាយប្រហាររបស់រុស្ស៊ី បានធ្វើឲ្យស្ត្រីអាយុ ៥៤ឆ្នាំម្នាក់ រងរបួស និងខូចខាតបង្អួចនៃអគារច្រើនជាន់ និងអគារលំនៅឋាន។

ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីគណៈប្រតិភូអ៊ុយក្រែន បានជួបជាមួយមន្ត្រីអាមេរិកសម្រាប់កិច្ចចរចាសន្តិភាព នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយមុនកិច្ចពិភាក្សារុស្ស៊ី-អាមេរិក នៅទីនោះ នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីវិធីធានាសុវត្ថិភាពនៃការដឹកជញ្ជូន នៅសមុទ្រខ្មៅ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមនុស្សដឹងពីផែនការនេះថា សហរដ្ឋអាមេរិក កំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយសង្ឃឹមថា នឹងឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយមួយ នៅក្នុងសង្គ្រាមនេះ នៅថ្ងៃទី ២០ ខែមេសា។