ក្រសួងការបរទេសប៉ាឡេស្ទីន និងក្រុមឃ្លាំមើលប្រឆាំងនឹងការតាំងទីលំនៅ កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការទទួលស្គាល់ការតាំងទីលំនៅថ្មីជាង ១០កន្លែង នៅតំបន់ វេសបែង ដោយធ្វើឲ្យប្រសើរឡើងនូវសង្កាត់ដែលមានស្រាប់ ឲ្យទៅជាស្ថានភាពតាំងទីលំនៅឯករាជ្យ។

នាពេលមុននេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែលលោក Bezalel Smotrich បានប្រកាសថា គណៈរដ្ឋមន្ត្រីសន្តិសុខ បានអនុម័តផែនការ ដើម្បីបំបែកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វចំនួន ១៣កន្លែង ចេញពីសហគមន៍ជិតខាងរបស់ពួកគេ។

លោក Smotrich ដែលជាមេដឹកនាំស្តាំនិយមជ្រុល និងជាអ្នកតាំងលំនៅ ដែលនៅពីក្រោយការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី បានសាទរចំណាត់ការនេះថា ជា «ជំហានដ៏សំខាន់» សម្រាប់ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់វេសបែង។
លោក Smotrich គឺជាសំឡេងឈានមុខគេ ដែលអំពាវនាវឲ្យអ៊ីស្រាអែលដាក់បញ្ចូលតំបន់វេសបែងជាឧបសម្ព័ន្ធរបស់ខ្លួន ជាផ្លូវការ ដូចដែលប្រទេសនេះ បានធ្វើនៅក្នុងឆ្នាំ ១៩៦៧ បន្ទាប់ពីបានដណ្តើមកាន់កាប់ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ដែលជាការសម្រេចមួយដែលមិនទទួលស្គាល់ដោយសហគមន៍អន្តរជាតិភាគច្រើន។
លោកបានបង្ហោះនៅលើបណ្តាញសង្គម X អំពីការសម្រេចដែលបានកើតឡើង បន្ទាប់ពីមានការយល់ព្រមឲ្យសង់លំនៅឋានរាប់ម៉ឺនខ្នង នៅទូទាំងតំបន់វេសបែងថា ការតាំងទីលំនៅចុងក្រោយ នឹងត្រូវបានទទួលស្គាល់ថា មានភាពឯករាជ្យ។