យ៉ាងហោចណាស់មន្ត្រីនគរបាលចំនួន ៦នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសកេនយ៉ា ខណៈដែល ៤នាក់ បានរងរបួស នៅក្នុងការវាយប្រហារទៅលើប៉ុស្តិ៍នរគបាលមួយ ដោយក្រុមជនសកម្មប្រយុទ្ធ ដែលត្រូវគេសង្ស័យ នៅក្នុងស្រុក Garissa ភាគខាងកើតរបស់ប្រទេសនេះ ជាប់ព្រំដែនជាមួយប្រទេសសូម៉ាលី។

របាយការណ៍របស់នគរបាលដែលបានផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើងដោយក្រុមប្រយុទ្ធជនដែលត្រូវគេសង្ស័យថា មកពីក្រុម អាល់សាបាប (Al-Shabab) នៅប្រទេសសូម៉ាលី ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។

ក្រុមអាល់សាបាប ជាញឹកញាប់ ធ្វើការវាយប្រហារឆ្លងព្រំដែននៅក្នុងតំបន់ ប្រឆាំងនឹងគោលដៅទាំងយោធា និងស៊ីវិល។
របាយការណ៍បានបន្តថា អ្នកវាយប្រហារមកពីក្រុមនេះ បានបើកការវាយលុកមួយ នៅពេលព្រឹកព្រលឹម ទៅលើនរគបាលបម្រុងដែលការពារជំរំ ហើយ «បានប្រើអាវុធចម្រុះ ដើម្បីវាយលុកជំរំនេះ»។
អ្នកស្លាប់ ៦នាក់ ត្រូវបានគេបញ្ជាក់ និង អ្នករងរបួស ៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
កាលពីថ្ងៃអង្គារ ស្ថានទូតអាមេរិក បានចេញសេចក្តីណែនាំមួយ ដោយប្រាប់ពលរដ្ឋអាមេរិកកុំឲ្យធ្វើដំណើរទៅកន្លែងខ្លះ ក្នុងប្រទេសកេនយ៉ា រួមទាំងទីក្រុង Garissa និងស្រុកផ្សេងទៀត នៅតាមបណ្តោយព្រំដែនជាមួយប្រទេសសូម៉ាលី ដោយសារការគំរាមកំហែងពីអំពើភេរវកម្ម។