នគរបាល និងមន្ត្រីរដ្ឋាភិបាល បានបញ្ជាក់ ចំពេលស្ថានភាពសន្តិសុខកាន់តែអាក្រក់នៅក្នុងខេត្តនេះថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានសម្លាប់មន្ត្រីនគរបាល ៤នាក់ និងកម្មករ ៤នាក់ ដែលមានមូលដ្ឋាននៅរដ្ឋ Punjab នៅក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នា កាលពីថ្ងៃសៅរ៍។
ជំនួយការស្នងការនគរបាលក្រុង លោក Ali Gul Imrani បាននិយាយថា ការវាយប្រហារលើកដំបូង បានកើតឡើង នៅក្នុងទីក្រុង Mangochar នៃខេត្ត Balochistan ដែលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីស្រុក Kalat នៅម៉ោង ២:៣០ រសៀលថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើង បានបាញ់សម្លាប់កម្មករ ៤នាក់ ដែលបានមកពីខេត្ត Punjab ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន។ កម្មករទាំង បានមកពីស្រុក Sadiqabad នៃរដ្ឋ Punjab។
ការវាយប្រហារលើកម្មករមកពីផ្នែកផ្សេងទៀតនៃប្រទេសនេះ បានកើនឡើង នៅក្នុងខេត្ត Balochistan ដោយក្រុមសកម្មប្រយុទ្ធបានចោទប្រកាន់ពួកគេពីបទរកប្រាក់កម្រៃចេញពីតំបន់។
មន្ត្រីទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់នៅស្នងការគរបាលស្រុក Nushki លោក Zafar Sumalani បានប្រាប់សារព័ត៌មា Arab News ថា នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀត នគរបាល ៤នាក់ ត្រូវបានសម្លាប់ នៅថ្ងៃតែមួយ បន្ទាប់ពីក្រុមបុរសមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង បានស្ទាក់វាយយកទូរស័ព្ទរបស់នគរបាល នៅក្នុងតំបន់ Ghareebabad នៃស្រុក Nushki នេះ។