នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានព្រមានថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល អាចនាំឲ្យប្រទេសនេះធា្លក់ចូលទៅក្នុងស្ថានភាពមាន «សង្រ្គាមថ្មី» បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យទៅលើទីក្រុងនានា នៅភាគខាងត្បូង។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់លោក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក លោក Salam «បានព្រមានពីការមានប្រតិបត្តិការយោធាថ្មី នៅតាមព្រំដែនភាគខាងត្បូង ដោយសារហានិភ័យដែលពួកគេអូសប្រទេសឲ្យចូលទៅក្នុងជម្លោះថ្មីមួយ នឹងនាំឲ្យប្រទេសលីបង់ និងប្រជាជនលីបង់មានទុក្ខវេទនា»។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់អំពីតម្រូវការ ក្នុងការធានាឲ្យបានថា «រដ្ឋ (លីបង់) តែម្នាក់ឯង មានសិទ្ធិអំណាចក្នុងការសម្រេច ពាក់ព័ន្ធនឹងសង្រ្គាម និងសន្តិភាព»។ លោកក៏បានអំពាវនាវផងដែរឲ្យអង្គការសហប្រជាជាតិ (UN) ដាក់សម្ពាធអ៊ីស្រាអែលឲ្យដកចេញពីប្រទេសលីបង់ ដោយព្រមានថា ការបន្តមានអរិភាព គំរាមកំហែងដល់បទឈប់បាញ់ដែលមាននាពេលបច្ចុប្បន្ន។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារទីក្រុង Tyre, Zibqin និង Qlaileh។ យោធាអ៊ីស្រាអែលបានប្រាប់ថា សកម្មភាពនេះ គឺជាការឆ្លើយតបនឹងការបាញ់គ្រាប់រ៉ូកែតទៅលើដែនដីអ៊ីស្រាអែលចម្ងាយប្រហែល ៦គីឡូម៉ែត្រពីភាគខាងជើងនៃព្រំដែន។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងថា លោក និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានបញ្ជាឲ្យយោធា «ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាលើគោលដៅភេរវកម្មរាប់សិបកន្លែង នៅក្នុងប្រទេសលីបង់»។ លោក Netanyahu បានបន្ថែមថា រដ្ឋាភិបាលលីបង់មានត្រូវទទួលខុសត្រូវ ចំពោះ «អ្វីៗគ្រប់យ៉ាងដែលកើតឡើងក្នុងដែនដីរបស់ខ្លួន»។
សូមរំលឹកថា ការប្រយុទ្ធគ្នានេះ បានចាប់ផ្តើមនៅពេលដែលក្រុមហេសបូឡា បានបើកការបាញ់ប្រហារទៅលើទីតាំងនានារបស់អ៊ីស្រាអែល ដើម្បីបង្ហាញគាំទ្រដល់តំបន់ហ្កាហ្សា បន្ទាប់ពីមានការឆ្លើយតបផ្នែកយោធារបស់អ៊ីស្រាអែល ចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស ដែលមនុស្ស ១.២០០នាក់ត្រូវបានសម្លាប់ និង ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។
ការប៉ះទង្គិចគ្នាឆ្លងព្រំដែន ដែលក្រោយមកបានរាលដាល់ទៅជាការវាយលុកពេញបន្ទុករបស់អ៊ីស្រាអែល ពោលគឺជាយុទ្ធនាការយោធាដែលបានសម្លាប់ឥស្សរជនជាន់ខ្ពស់របស់ក្រុមហេសបូឡា បានបំផ្លាញឃ្លាំងអាវុធ និងបណ្តាលឲ្យជនស៊ីវិលបាត់បង់ជីវិតយ៉ាងច្រើន។ បទឈប់បាញ់ បានចូលជាធរមាន តាំងពីខែវិច្ឆិកាឆ្នាំមុន ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលតម្រូវឲ្យភាគីទាំងសងខាងបញ្ឈប់ប្រតិបត្តិការយោធាតាមបណ្តោយព្រំដែន៕

