បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសតែងតាំងអ្នកចាត់ការថ្មីលោក Ralf Rangnick ផ្លូវការដឹកនាំក្រុមដល់ចប់រដូវកាលនេះ។ បុរសវ័យ ៦៣ឆ្នាំរូបនេះបានមកកាន់តំណែងបន្តពីលោក Ole Gunnar Solskjaer ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២១ ខែវិច្ឆិកានេះក្រោយចាញ់ Watford ៤-១។
លោក Rangnick បានចាកចេញពីតំណែងប្រធានផ្នែកអភិវឌ្ឍកីឡានៃក្លិបរុស្ស៊ី Lokomotiv Moscow ដើម្បីមកកាន់តំណែងនៅ Old Trafford នេះដល់ចប់រដូវកាលហើយ ក៏នឹងបន្តនៅជាមួយក្លិប ២ឆ្នាំទៀតក្នុងតួនាទីក្រុមប្រឹក្សាយោបល់។ ប្រកួតដំបូងរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះជាមួយ Manchester United នឹងអាចទាន់ពេលជួបក្រុមកាំភ្លើងធំ Arsenal ប្រសិនបើការងាររៀបចំទិដ្ឋការរួចរាល់ទាន់ពេលវេលា។ ប្រសិនបើមិនទាន់ពេលទេលោក Michael Carrick នឹងបន្តដឹកនាំក្រុមមួយប្រកួតទៀត។ Michael Carrick បានដឹកនាំក្រុមពីរប្រកួតមកហើយដោយបានយកឈ្នះនៅទឹកដី Villarreal និងស្មើនៅទឹកដី Chelsea ១-១ កាលពីថ្ងៃអាទិត្យ។
រំលឹកថា លោក Ralf Rangnick ធ្លាប់ដឹកនាំក្លិបអាល្លឺម៉ង់ Schalke 04 ឈ្នះជើងឯក German Cup នៅឆ្នាំ២០១១ និងធ្លាប់ដឹកនាំ RB Leipzig ផងដែរ។ ជាពិសេសទៅទៀតនៅឆ្នាំ២០១១ នោះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានដឹកនាំ Schalke ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League តែចាញ់ Manchester United សរុបទាំងពីរជើង ៦-១ មុនពេលដែល Manchester United ឡើងទៅចាញ់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រ។ លោក Ralf Rangnick ធ្លាប់មានប្រវត្តិដឹកនាំក្លិបជាច្រើន តែសុទ្ធតែជាក្លិបអាល្លឺម៉ង់មានដូចជា Stuttgart, Hannover, Hoffenheim, Schalke04 និង RB Leipzig ជាដើម៕
អត្ថបទ៖នាង សុភាវុធ