ផ្នែកមួយនៃស្ពានប្រវត្តិសាស្រ្តនាសម័យរ៉ូម៉ាំង ស្ថិតនៅទីក្រុងភាគកណ្តាល Talavera de la Reina របស់ប្រទេសអេស្ប៉ាញ បានបាក់ស្រុតកាលពីព្រឹកថ្ងៃអាទិត្យ ក្រោយភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទន្លេ Tagus ជន់លិច ។
ស្ថានភាពបាក់ស្រុតរបស់ស្ពានបុរាណមួយនេះ បានធ្វើឲ្យស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលវាក្លាយជានិមិត្តរូបជាយូរលង់ណាស់មកហើយនៃប្រវត្តិសាស្រ្តទីក្រុង Talavera de la Reina ហើយនិងជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
អ្នកស្រី Carolina Gonzalez វ័យ ២៩ឆ្នាំ និយាយថា អ្នកស្រីបានប្រើប្រាស់ស្ពានមួយនេះ ចាប់តាំងពីគាត់នៅក្មេងមកម្ល៉េះ ហើយអ្នកស្រីគិតថា មនុស្សពេញមួយទីក្រុង នឹងមានអារម្មណ៍សោកសៅ និងសោកស្តាយដូចរូបគាត់ចំពោះការបាត់បង់ស្ពានមួយនេះ ។
គួរឲ្យដឹងថា ទឹកជំនន់បន្តបង្កភាពវឹកវរនៅទូទាំងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ក្រោយភ្លៀងធ្លាក់បណ្តាលមកពីព្យុះ Martinho ធ្វើឲ្យទឹកទន្លេហូរប្រៀបច្រាំង និងជន់លិចភូមិដ្ឋានប្រជាពលរដ្ឋ ។
តំបន់ជាច្រើនដូចជាតំបន់ជាយក្រុង San Fernando de Henares បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ ។
ភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្នែកខ្លះនៅតំបន់ភាគកណ្តាលប្រទេសអេស្ប៉ាញ ចាប់តាំងពីថ្ងៃសុក្រ ខណៈហានិភ័យនៃទឹកជំនន់ដ៏ធ្ងន់ធ្ងរបានកើនឡើង ដោយស្ថានភាពទឹកទន្លេហូរប្រៀបច្រាំង នៅតែកើតមាននៅក្នុងទីក្រុង Madrid ។
នៅទីក្រុង Avila ផ្លូវថ្នល់ វាលស្រែ និងទីតាំងលេងកីឡា ត្រូវបានជន់លិច ខណៈមនុស្សម្នាព្យាយាមបាចទឹកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយគ្រឿងចក្រ ព្យាយាមរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចបន្ថែមទៀត ។
អង្គភាពសង្គ្រោះបន្ទាន់យោធារបស់អេស្ប៉ាញ កំពុងឃ្លាំមើលកម្រិតទឹកជុំវិញមន្ទីរពេទ្យសម្រាប់ជនពិការ បន្ទាប់ពីពួកគេបានដាក់ជញ្ជាំងបាវខ្សាច់ ដើម្បីការពារទឹកមិនឲ្យចូលដល់អគារ ប្រសិនបើកម្រិតទឹកបន្តកើនឡើង។
ក្រុមអាជ្ញាធរនិយាយថា រដ្ឋធានីអេស្ប៉ាញមួយនេះ នៅតែស្ថិតក្នុងការប្រុងប្រយ័ត្ន ដោយសារហានិភ័យនៃទឹកទន្លេ Manzanares ហូរប្រៀបច្រាំង ខណៈព្យុះថ្មីមួយទៀតបានធ្វើដំណើរខិតទៅជិតទីក្រុង Madrid ៕