គណៈប្រតិភូអាមេរិក នឹងស្វែងរកវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់ នៅសមុទ្រខ្មៅ និងការបញ្ឈប់អំពើហិង្សាកាន់តែទូលំទូលាយ ក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន នៅពេលខ្លួនជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ី នៅថ្ងៃទី២៤ ខែមីនានេះ បន្ទាប់ពីមានពិភាក្សាជាមួយអ្នកការទូតមកពីអ៊ុយក្រែនមួយថ្ងៃមុននោះ។
អ្វីដែលគេហៅថា កិច្ចពិភាក្សាបច្ចេកទេសនោះ ត្រូវបានធ្វើឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្កើនការជំរុញរបស់លោក ដើម្បីឲ្យបញ្ឈប់ការវាយប្រហាររយៈពេល ៣ឆ្នាំរបស់រុស្ស៊ី លើអ៊ុយក្រែន។ កាលពីសប្តាហ៍មុន លោកបានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ប្រភពមួយដែលបានសង្ខេបអំពីផែនការ សម្រាប់កិច្ចចរចានេះ បាននិយាយថា ភាគីអាមេរិកត្រូវបានដឹកនាំដោយលោក Andrew Peek នាយកជាន់ខ្ពស់នៅក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន និងលោក Michael Anton មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។ ពួកគេបានជួបមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ (ទី២៣ ខែមីនា)។ សេតវិមានឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីឈានដល់បទឈប់បាញ់ដែនទឹក នៅសមុទ្រខ្មៅ ដែលនឹងអនុញ្ញាតឲ្យមានលំហូរដឹកជញ្ជូនដោយសេរី។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz បានប្រាប់កម្មវិធី Face The Nation របស់ប្រព័ន្ធផ្សព្វផ្សាយ CBS កាលពីថ្ងៃទី២៣ ខែមីនាថា គណៈប្រតិភូអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ត្រូវបានជួបជុំនៅក្នុងកន្លែងតែមួយ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោកបានបន្ថែមថា ក្រៅពីបទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រុមនេះនឹងពិភាក្សាអំពី «ព្រំដែននៃការគ្រប់គ្រង» រវាងប្រទេសទាំង២ ដែលលោកបានពិពណ៌នាថា ជា «វិធានការផ្ទៀងផ្ទាត់ ការរក្សាសន្តិភាព និងបញ្ឈប់ការរុលទៅមុខរបស់យោធានៃភាគីទាំង២»៕