តុលាការ នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២៤ ខែមីនា) នេះ បានឲ្យដឹងថា ការជំនុំជម្រះក្ដីព្រហ្មទណ្ឌ ចំពោះលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីបទបះបោរ នឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី១៤ ខែមេសា។
តុលាការក្រុងសេអ៊ូល បានប្រកាសកាលបរិច្ឆេទ ក្នុងអំឡុងពេលមានសវនាការជាលើកទី២ ដោយលើកឡើងថា សវនាការជាផ្លូវការដំបូង នឹងត្រូវធ្វើឡើងនៅថ្ងៃនោះ ជុំវិញបទចោទលើលោក Yoon ដែលថា បានញុះញង់ឲ្យមានការបះបោរតាមរយៈការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីខែធ្នូឆ្នាំមុន។
តុលាការនេះ បាននិយាយថា លោកឧបនាយករដ្ឋមន្ត្រី Choi Sang-mok និងលោករដ្ឋមន្ត្រីការបរទេស Cho Tae-yul ជាសាក្សី ២រូប ដែលត្រូវបានស្នើឡើងដោយអយ្យការ នឹងត្រូវតម្រូវឲ្យផ្តល់សក្ខីកម្ម នៅក្នុងសវនាការលើកដំបូងនេះ។
យោងតាមការចោទប្រកាន់របស់អយ្យការ បានឲ្យដឹងថា ទាំងលោក Choi និងលោក Cho បានបង្ហាញពីកង្វល់របស់ពួកគេទៅកាន់លោក Yoon មុនពេលលោកបានប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូឆ្នាំមុន។
មិនដូចក្នុងអំឡុងពេលសវនាការមុនពេលកាត់ក្តីលើកដំបូងទេ លោក Yoon មិនមានវត្តមាន នៅតុលាការនាថ្ងៃចន្ទនេះទេ។ សវនាការត្រៀម មិនតម្រូវឲ្យចុងចោទចូលរួមនោះទេ៕