មនុស្សរាប់ម៉ឺននាក់ បានជួបជុំគ្នារយៈពេល ៥ថ្ងៃជាប់ៗគ្នានៅក្រៅអគារសាលាក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យម្សិលមិញ ស្របពេលបាតុកម្មប្រឆាំងនឹងការដាក់ពន្ធនាគារអភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Ekrem Imamoglu បានចាប់ផ្តើមឡើងវិញ ។
លោក Ozgur Ozel ដែលជាមេដឹកនាំគណបក្សប្រឆាំងសាធារណរដ្ឋប្រជាមានិត(CHP)បានថ្លែងទៅកាន់ហ្វូងមនុស្សម្តងទៀត ដោយលោកអំពាវនាវឲ្យពួកគេធ្វើពហិការក្រុមហ៊ុនគាំទ្ររដ្ឋាភិបាល ។
គណបក្ស CHP បានរៀបចំការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ក្នុងនោះលោក Imamoglu ដែលជាគូប្រជែងដ៏ខ្លាំងបំផុតរបស់ប្រធានាធិបតីទួរគី គឺជាបេក្ខជនតែម្នាក់គត់ ។
លោក Ozel និយាយថា ពលរដ្ឋ ១៣,២លាននាក់ បានបោះឆ្នោតនៅការបោះឆ្នោតបឋមនេះ បន្ថែមពីលើសមាជិកបក្ស CHP ចំនួន ១,៦៥លាននាក់ដែលបានបោះឆ្នោតជូនលោក Imamoglu ផងដែរ ។
លោក Ozel និយាយដោយចង់សំដៅលើការបញ្ជូនលោក Imamoglu ទៅកាន់ពន្ធនាគារជាការរង់ចាំការកាត់ទោសថា លោក Erdogan បានផ្គើនមិនត្រឹមតែលោក Imamoglu ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែពលរដ្ឋរាប់លាននាក់ ហើយនិងបានប៉ុនប៉ងធ្វើរដ្ឋប្រហារ ៕