សេវាសារព័ត៌មានកងទ័ព បានរាយការណ៍ថា ទាហានអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការពីររូបនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស។
យោងតាមសេវាព័ត៌មាននេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បានវាយប្រហារទីតាំងភេរវករ និងក្រុមសកម្មប្រយុទ្ធ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីធ្វើឲ្យសមត្ថភាពយោធារបស់ក្រុមហាម៉ាសចុះខ្សោយ និងបញ្ឈប់ការគំរាមកំហែងដល់ប្រទេសនេះ និងទាហានរបស់ខ្លួន។ ការិយាល័យសារព័ត៌មាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ahmed Shimali មេបញ្ជាការរងនៃកងពលតូចហ្កាហ្សា ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែក។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«លោកShimali ទទួលខុសត្រូវចំពោះប្រតិបត្តិការ រៀបចំផែនការយុទ្ធសាស្រ្តវាយលុក និងការកសាងកម្លាំងកងពលតូច ដើម្បីរៀបចំសម្រាប់ការសម្លាប់រង្គាលដ៏ឃោរឃៅរបស់ក្រុមហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា»។
ទាហានអ៊ីស្រាអែល ក៏បានសម្លាប់មេបញ្ជាការកងវរសេនាតូច Shejaiya របស់ក្រុមហាម៉ាស លោក Jamil Wadiya ផងដែរ។ កងទ័ពបានចង្អុលបង្ហាញថា៖«សម្រាប់សង្រ្គាមភាគច្រើន លោក Wadiya បានដឹកនាំកងវរសេនាតូច បន្ទាប់ពីជំនួសភេរវករលោក Wessam Farhat ដែលត្រូវបានសម្លាប់ នៅក្នុងខែធ្នូឆ្នាំ ២០២៣»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Wadiya បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារមី ស៊ីលប្រឆាំងរថក្រោះលើរថយន្តក្រុង កាលពីខែមេសាឆ្នាំ ២០១១ ដែលបានសម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់។
ការិយាល័យសារព័ត៌មានរបស់កងទ័ព បានសង្កត់ធ្ងន់ថា៖«កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) នឹងបន្តប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវកម្មហាម៉ាស ដើម្បីបញ្ចប់ ការគំរាមកំហែងណាមួយ ដែលបង្កឡើងចំពោះរដ្ឋអ៊ីស្រាអែល»។