ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចែករំលែកអាហារ Iftar ដែលជាអាហារបញ្ចប់ការតមអំឡុងពិធីបុណ្យ Ramadan ជាមួយទាហានមូស្លីមអ៊ុយក្រែន ។
អំឡុងខែពិសិដ្ឋ Ramadan របស់អ៊ិស្លាម ក្រុមអ្នកជំនឿលើការមិនទទួលទានអាហារ និងភេសជ្ជៈ អំឡុងពេលថ្ងៃ នឹងឈប់ការតមរបស់ពួកគេជាមួយអាហារពេលល្ងាច Iftar ។
ថ្លែងទៅកាន់កងកម្លាំងសន្តិសុខអ៊ុយក្រែន លោក Zelenskiy និយាយថា កិច្ចខិតខំផ្នែកការទូតដ៏សំខាន់ បានកើតឡើង អំឡុងពិធីបុណ្យ Ramadan ។
លោកបន្តថា វាអាចលេចជាពន្លឺថា ជំហានការទូតដ៏ខ្លាំងក្លា អំឡុងខែ Ramadan ធ្វើឡើងដើម្បីសន្តិភាពនៅអ៊ុយក្រែននោះ និងបង្កើតផែនការសម្រាប់ការបញ្ចប់សង្រ្គាមពិតប្រាកដ និងធានាដល់សន្តិសុខសម្រាប់អ្នករាល់គ្នា ។
ខណៈពេលនោះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានប្រកាសថា កិច្ចពិភាក្សារវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែន បានបញ្ចប់នៅក្នុងរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយនិយាយថាការពិភាក្សានេះគឺ ប្រកបដោយផ្លែផ្កា និងផ្តោតលើចំណុចសំខាន់ៗរួមទាំងថាមពលផងដែរ ។ ជំនួបរបស់ពួកគេ បានកើតមានមុនកិច្ចពិភាក្សារវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ី នៅថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានរៀបចំជំនួបដាច់ដោយឡែកពីគ្នា ជាមួយក្រុមគណៈប្រតិភូមកពីអ៊ុយក្រែន និងរុស្ស៊ី នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្របពេលដែលបេសកជនពិសេសអាមេរិក លោក Steve Witkoff បានសម្តែងសុទិដ្ឋិនិយមអំពីឱកាសនៃការបញ្ចប់ជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២មួយនេះ ៕