អ៊ីរ៉ង់៖ កិច្ចពិភាក្សាអន្តរជាតិស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានចាប់ផ្ដើមឡើងវិញកាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកានៅទីក្រុងវីយែន ប្រទេសអូទ្រីស បន្ទាប់ពីបានផ្អាករយៈពេល ៥ខែដោយទីក្រុងតេអេរ៉ង់ទាមទារឱ្យដកទណ្ឌកម្មរបស់អាមេរិក ជាថ្នូរសម្រាប់ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ។
អ៊ីរ៉ង់បានផ្អាកការចរចាកាលពីខែមិថុនា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់លោក Ebrahim Raisi។ នៅពេលនោះក្រុមអ្នកការទូតនិយាយថា ពួកគេជិតឈានដល់កិច្ចព្រមព្រៀងហើយ។ អ៊ីរ៉ង់មិនអើពើនឹងការអំពាវនាវពីប្រទេសលោកខាងលិច ឱ្យចាប់ផ្ដើមកិច្ចចរចាឡើងវិញអស់រយៈពេលជាច្រើនខែ ខណៈដែលកំពុងពង្រឹងសមត្ថភាពកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលរំលោភលើកិច្ចព្រមព្រៀង។ កាលពីខែសីហា លោក Raisi បាននិយាយថា អ៊ីរ៉ង់បានបើកការចរចាជាថ្មីទៀត។ ការចរចាបានចាប់ផ្ដើមនៅក្រោយម៉ោង ៣រសៀលម៉ោងក្នុងស្រុកនៅក្នុងសណ្ឋាគារ Palais Coburg ជាទីដែលកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ត្រូវបានបិទ។
ការចរចាកាលពីថ្ងៃចន្ទមានការចូលរួមពីភាគីអ៊ីរ៉ង់ អ្នកការទូតមកពីចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី។ ក្តីសង្ឃឹមនៃការរីកចម្រើនឆាប់រហ័សត្រូវបានបិទខ្ទប់ បន្ទាប់ពីរដ្ឋាភិបាលថ្មីប្រកាន់តឹងនៅក្នុងទីក្រុងតេអេរ៉ង់ បានដឹកនាំការផ្អាករយៈជាង ៥ខែក្នុងការចរចា។ ប៉ុន្តែមន្ត្រីសហភាពអឺរ៉ុបដែលធ្វើជាប្រធានកិច្ចចរចាបានបង្ហាញភាពរីករាយ និងវិជ្ជមានបន្ទាប់ពីកិច្ចប្រជុំដំបូងបានបញ្ចប់។ អ្នកការទូតសហភាពអឺរ៉ុបលោក Enrique Mora បានប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំមានអារម្មណ៍វិជ្ជមានដែលយើងអាចធ្វើរឿងសំខាន់ៗ សម្រាប់សប្ដាហ៍ក្រោយ"៕
អត្ថបទ៖ សុខមាន