អង្គការសុខភាពពិភពលោក(WHO) បាននិយាយនៅថ្ងៃចន្ទនេះថា ការឆ្លងជំងឺរបេងក្នុងចំណោមកុមារនៅក្នុងតំបន់អ៊ឺរ៉ុប បានកើនឡើង ១០ភាគរយ ក្នុងឆ្នាំ ២០២៣ ដែលបង្ហាញពីការឆ្លងដែលកំពុងបន្ត និងតម្រូវការសម្រាប់វិធានការសុខភាពសាធារណៈជាបន្ទាន់ ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺនេះ។
តំបន់អ៊ឺរ៉ុបរបស់អង្គការសុខភាពពិភពលោក ដែលមានប្រទេសចំនួន ៥៣ នៅអឺរ៉ុប និងអាស៊ីកណ្តាល បានរាយការណ៍ថា មានជាង ៧.៥០០ករណី ក្នុងចំណោមកុមារអាយុក្រោម ១៥ឆ្នាំ ក្នុងឆ្នាំ ២០២៣ ដែលកើនឡើងជាង ៤៥០ករណី បើធៀបនឹងឆ្នាំ ២០២២។
លោក Hans Henri Kluge នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប បានថ្លែងថា៖«ការកើនឡើងដ៏គួរឲ្យព្រួយបារម្ភចំពោះកុមារដែលមានជំងឺរបេង គឺជាការរំលឹកថា វឌ្ឍនភាពប្រឆាំងនឹងជំងឺដែលអាចទប់ស្កាត់បាន និងអាចព្យាបាលបាននេះ នៅតែផុយស្រួយ»។
លោក Askar Yedilbayev ទីប្រឹក្សាជំងឺរបេងប្រចាំតំបន់សម្រាប់តំបន់អ៊ឺរ៉ុបរបស់អង្គការ WHO បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការកើនឡើងនៃករណីទូទៅ អាចបង្ហាញពីការធ្វើរោគវិនិច្ឆ័យប្រសើរឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ករណីឆ្លងក៏អាចបណ្តាលមកពីការកើនឡើងនៃចលនាឆ្លងព្រំដែន ដោយសារតែសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលប្រទេសទាំងពីរមានបន្ទុកជំងឺខ្ពស់បំផុត នៅក្នុងតំបន់។