អ្នកនាំពាក្យក្រសួងការបរទេសទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន មិនទាន់បានទទួលពាក្យសុំសិទ្ធិជ្រកកោនពីអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងក្រុមគ្រួសាររបស់លោក នៅឡើយទេ។
អ្នកនាំពាក្យក្រសួងលោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា ការធ្វើដំណើររបស់លោក Duterte ទៅហុងកុង គឺសម្រាប់ការសម្រាកលំហែផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។
អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមីនា នៅអាកាសយានដ្ឋានធំ របស់ទីក្រុងម៉ានីល នៅពេលលោកត្រឡប់មកពីហុងកុងវិញ តាមសំណើរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួនចំពោះ «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដែលបានកើតឡើង ក្នុងអាណត្តិប្រធានាធិបតីរបស់លោក។