ក្រុមមន្រ្តីអ៊ុយក្រែន និយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារយានដ្រូនរុស្ស៊ីទ្រង់ទ្រាយធំលើទីក្រុងគីវ ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ រួមទាំងកុមារអាយុ ៥ឆ្នាំម្នាក់ផងដែរ និងបណ្តាលឲ្យមានការខូចខាតច្រើននៅទូទាំងរដ្ឋធានី ។
ក្រុមប្រជាពលរដ្ឋរស់នៅក្នុងអគាររងការវាយប្រហារ និយាយថា ពួកគេចង់បានបទឈប់បាញ់សម្រាប់សង្រ្គាមអូសបន្លាយពេល ៣ឆ្នាំនេះ ដើម្បីធ្វើឲ្យជីវិតវិលត្រឡប់ទៅរកភាពងាយស្រួលជាងនេះ បើទោះបីជាពលរដ្ឋម្នាក់ បង្ហាញភាពពុំច្បាស់លាស់ចំពោះការតាំងចិត្តរបស់រុស្ស៊ីក្នុងការទទួលយកការបញ្ឈប់អរិភាពពេញលេញក៏ដោយ ។
ការវាយប្រហារយានដ្រូន បានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនកិច្ចប្រជុំតាមការគ្រោងទុកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្របពេលដែលមានកិច្ចខិតខំផ្នែកការទូត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ។
ក្រុមអ្នកជំនាញ និងក្រុមមន្រ្តីមកពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី គ្រោងនឹងពិភាក្សាលើវិធីសាស្រ្តធានាដល់សុវត្ថិភាពការដឹកជញ្ជូននៅក្នុងសមុទ្រខ្មៅ ។
កាសែត Bloomberg News បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយលើកសម្តីមនុស្សជំនិតនឹងផែនការនេះថា សហរដ្ឋអាមេរិក កំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយសង្ឃឹមថា នឹងឈានដល់បទឈប់បាញ់ទូលំទូលាយនៅក្នុងសង្រ្គាមមួយនេះ គិតត្រឹមថ្ងៃទី ២០ ខែមេសា ខាងមុខ ។
ប៉ុន្តែទោះបីជាមានការជំរុញសន្តិភាពយ៉ាងណាក្តី ភាគីទាំង ២នៅតែបន្តការវាយប្រហាររបស់ពួកគេដដែល ៕