ដោយដកស្រង់សម្តីពីមន្ត្រី សារព័ត៌មាន Bloomberg និងកាសែត Wall Street Journal (WSJ) បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជាមិនរាប់បញ្ចូលពន្ធលើវិស័យសំខាន់ៗមួយចំនួន ខណៈពេលដែលអនុវត្តវិធានការពន្ធបដិការ (ពន្ធតបតទៅវិញទៅមក) នៅថ្ងៃទី២ ខែមេសា។
លោក Trump បាននិយាយកាលពីខែកុម្ភៈថា លោកមានបំណងដំឡើងពន្ធ លើការនាំចូលរថយន្ត «នៅក្នុងរង្វង់ ២៥ភាគរយ» និងពន្ធស្រដៀងគ្នាលើគ្រឿងអេឡិចត្រូនិក និងឱសថ ប៉ុន្តែក្រោយមក លោកបានយល់ព្រមពន្យារពេលការដំឡើងលើពន្ធរថយន្តមួយចំនួន បន្ទាប់ពីមានការជំរុញដោយក្រុមហ៊ុនផលិតរថយន្តធំៗទាំង៣ របស់សហរដ្ឋអាមេរិកសុំឲ្យមានការលើកលែង។
ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលមមួយរូប កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមីនា) សារព័ត៌មាន WSJ បានរាយការណ៍ថា ការដំឡើងពន្ធលើវិស័យសំខាន់ៗមួយចំនួន ឥឡូវនេះ ទំនងជាមិនត្រូវបានប្រកាសនៅថ្ងៃទី២ ខែមេសានោះឡើយ។ មន្ត្រីរូបនេះបានបន្ថែមថា សេតវិមាននៅតែគ្រោងបង្ហាញវិធានដំឡើងពន្ធបដិការ នៅថ្ងៃនោះ ទោះបីជាផែនការនៅតែមានភាពប្រែប្រួលក៏ដោយ។
ចំណែកសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ការដំឡើងពន្ធលើវិស័យសំខាន់ៗមួយចំនួន នឹងត្រូវបានដកចេញ។ សេតវិមានបានឲ្យដឹងកាលពីសប្តាហ៍មុនថា លោក Trump នៅតែមានបំណងឲ្យអត្រាពន្ធបដិការថ្មីចូលជាធរមាននៅថ្ងៃទី២ ខែមេសា បើទោះបីជានៅមុននេះ មានការអត្ថាធិប្បាយពីរដ្ឋមន្ត្រីរតនាគារ លោក Scott Bessent ដែលបង្ហាញពីលទ្ធភាពនៃការពន្យារពេលក៏ដោយ។ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ សេតវិមានមិនបានឆ្លើយតបនោះឡើយ ទៅនឹងសំណើសុំការអត្ថាធិប្បាយក្រៅម៉ោងធ្វើការធម្មតា៕