សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ និងការជម្លៀសខ្លួនមួយក្នុងចំណោមការជម្លៀសខ្លួនទ្រង់ទ្រាយធំបំផុតរបស់ពិភពលោក ។
អស្ថិរភាព និងអំពើហិង្សាកំពុងកើតឡើង បានបង្ខំឲ្យមនុស្សរាប់លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះមនុស្សយ៉ាងហោច ៧ពាន់នាក់ ត្រូវបានសម្លាប់នារយៈពេលជាច្រើនខែកន្លងមកនេះ និងមនុស្សជាច្រើនទៀត បានរងរបួស ។
អំពើហិង្សាក្នុងឆ្នាំនេះ ដែលបង្កឡើងដោយសារក្រុមប្រដាប់អាវុធ ជាពិសេសក្រុមឧទ្ទាម M23 បានធ្វើឲ្យការវាយប្រហាររបស់ពួកគេ កាន់តែខ្លាំងក្លា នៅតំបន់ភាគខាងកើតកុងហ្គោ ។
កាលពីខែមករាកន្លងទៅ ក្រុមឧទ្ទាម M23 រឹបអូសបានទីក្រុង Goma គឺជារដ្ឋធានីស្ថិតក្នុងខេត្តសម្បូរធនធានរ៉ែ North Kivu មុនពេលបន្តដណ្តើមបានទីក្រុង Bukavu ដែលជារដ្ឋធានីស្ថិតក្នុងខេត្តជិតខាង South Kivu កាលពីខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមក ពួកគេបន្តរុលទៅមុខឆ្ពោះទៅកាន់តំបន់ភាគខាងលិច ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាម M23ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ដោយអតីតទាហានកុងហ្គោ ហើយភាគច្រើននៃពួកគេមកពីក្រុមជនជាតិភាគតិច Tutsi ៕