អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៤ មីនា) ថា ខ្លួនកំពុងតែកាត់បន្ថយចំនួនបុគ្គលិកអន្តរជាតិរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ប្រហែលមួយភាគបី បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងដែនដីនេះ ដែលសម្លាប់ជនស៊ីវិលរាប់រយនាក់ រួមទាំងបុគ្គលិកអង្គការសហប្រជាជាតិផងដែរ។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់សារព័ត៌មានថា ជំហាននេះធ្វើឡើងសម្រាប់ហេតុផលសន្តិសុខ និងប្រតិបត្តិការ ហើយនឹងពាក់ព័ន្ធនឹងការដកបុគ្គលិកអន្តរជាតិប្រហែល ៣០នាក់ ក្នុងចំណោម ១០០នាក់ ដែលបច្ចុប្បន្នបម្រើការនៅក្នុងតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់ថានេះជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ ហើយ UN មិនទៅណាចោលហ្កាហ្សាទេ។

លោក Dujarric និយាយថា ផ្អែកលើព័ត៌មានបច្ចុប្បន្នបានបង្ហាញថា ការវាយប្រហារជាំច្រើនលើក ដែលបានវាយលុកបរិវេណ UN នៅទីក្រុង Deir Al Balah នៅហ្កាហ្សា កាលពីថ្ងៃទី១៩ ខែមីនា ដោយបានសម្លាប់បុគ្គលិក UN ជនជាតិប៊ុលហ្គារីម្នាក់ និងធ្វើឱ្យមនុស្ស ៦នាក់ផ្សេងទៀត - មកពីបារាំង ម៉ុលដាវី ម៉ាសេដូនីខាងជើង ទឹកដីប៉ាឡេស្ទីន និងចក្រភពអង់គ្លេស - បានរងរបួស ដោយសាររថក្រោះអ៊ីស្រាអែល។
ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាបានសន្មតថា ការវាយប្រហារនេះកើតឡើងមកពីអ៊ីស្រាអែល ប៉ុន្តែអ៊ីស្រាអែលបានបដិសេធចំពោះរឿងនេះ ដោយនិយាយថា ខ្លួនបានវាយប្រហារទីតាំងរបស់ក្រុមហាម៉ាសប៉ុណ្ណោះ ដែលខ្លួនពិនិត្យឃើញថាកំពុងត្រៀមបាញ់ប្រហារចូលទៅក្នុងទឹកដីអ៊ីស្រាអែល៕