រដ្ឋាភិបាលចិននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា នាយករដ្ឋមន្ត្រីចិនលោក លី ឈៀង (Li Qiang) បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីអនុវត្តច្បាប់ថ្មីសម្រាប់ការពង្រឹងវិធានការរបស់ប្រទេសចិនចំពោះទណ្ឌកម្មបរទេស។

លោកនាយករដ្ឋមន្ត្រីចិនបានជំរុញឱ្យប្រទេសនានាបើកចំហទីផ្សាររបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងអស្ថិរភាពនិងភាពមិនច្បាស់លាស់ ក្នុងវេទិកាធុរកិច្ចនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ខណៈប្រទេសចិនបានត្រៀមលក្ខណៈសម្រាប់ការដំឡើងពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក ។

និយ័តកម្មពាក់ព័ន្ធការអនុវត្តច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ចិនត្រូវបានអនុម័តក្នុងឆ្នាំ ២០២១។ ច្បាប់នេះចែងថាបុគ្គល ឬអង្គភាពពាក់ព័ន្ធក្នុងការបង្កើត ឬអនុវត្តវិធានការរើសអើងប្រឆាំងនឹងពលរដ្ឋ ឬអង្គភាពនានាអាចត្រូវបានដាក់ក្នុងបញ្ជីប្រឆាំងទណ្ឌកម្មដោយរដ្ឋាភិបាលចិន។
អ្នកជាប់ក្នុងបញ្ជីនោះ អាចនឹងត្រូវបដិសេធមិនឲ្យចូលក្នុងប្រទេសចិន ឬត្រូវបានបណ្ដេញចេញពីប្រទេសចិន។ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសចិន អាចត្រូវបានរឹបអូស ឬបង្កក ហើយពួកគេអាចត្រូវបានរឹតបន្តឹងមិនឱ្យធ្វើអាជីវកម្មជាមួយអង្គភាព ឬមនុស្សនៅក្នុងប្រទេសចិន។
និយ័តកម្មថ្មីៗរៀបរាប់លម្អិតអំពីវិស័យដែលបុគ្គល និងអង្គការបរទេស អាចត្រូវបានរឹតបន្តឹង។ ទាំងនោះរួមមាន ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេវាច្បាប់ ការការពារបរិស្ថាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ សុខភាព និងកីឡា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដោះស្រាយជាមួយការរារាំងពាណិជ្ជកម្ម និងការវិនិយោគពីទីផ្សារលោកខាងលិចសំខាន់ៗ។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានវាយលុកទំនិញរបស់ចិនដោយការដំឡើងពន្ធបន្ថែម២០% ចាប់តាំងពីខែកុម្ភៈឆ្នាំនេះ ហើយអាចមានបញ្ហាជាច្រើនទៀតនៅដើមខែមេសាខាងមុខ៕