ព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យ ៣រូប កាលពីថ្ងៃចន្ទ (២៤ មីនា) បានជំរុញឱ្យសេតវិមានស្វះស្វែងរកការអនុម័តពីសភា និងលោកប្រធានាធីបតី Donald Trump ដើម្បីបន្ថែមពេលវេលាកំណត់សម្រាប់ឱ្យក្រុមហ៊ុនមេ ByteDance មានមូលដ្ឋានចិន មានពេលគ្រប់គ្រាន់ក្នុងការលក់កម្មវិធីវីដេអូខ្លី TikTok ដើម្បីការពារកម្មវិធីដ៏ពេញនិយមនេះពីលទ្ធភាពនៃការហាមឃាត់នៅសហរដ្ឋអាមេរិក។

លោក Trump កាលពីខែមករា បានពន្យារពេលបម្រាមថ្ងៃទី ១៩ មករា ទៅដល់ថ្ងៃទី០៥ ខែមេសា ដោយអូសបន្លាយការអនុវត្តច្បាប់ដែលបានអនុម័តកាលពីឆ្នាំមុន ដែលតម្រូវឱ្យ ByteDance លក់ភាគហ៊ុនភាគច្រើនទៅឱ្យម្ចាស់សហរដ្ឋអាមេរិក បើមិនដូច្នេះទេនឹងត្រូវហាមឃាត់ ក្រោមហេតុផលសន្តិសុខជាតិ។

លោក Trump បាននិយាយកាលពីខែមុនថា លោកអាចបន្តរយៈពេលកំណត់នេះបន្ថែមទៀត ដើម្បីផ្តល់ពេលវេលាដល់រូបលោកក្នុងការធ្វើកិច្ចព្រមព្រៀងមួយ។ ជោគវាសនានៃកម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិក ១៧០លាននាក់នេះ នៅតែមិនប្រាកដប្រជាអស់រយៈពេលជាច្រើនខែមកហើយ។
លោក Trump កាលពីដើមខែមីនា បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយក្រុមចំនួនបួន ដែលចាប់អារម្មណ៍ក្នុងការទិញ TikTok ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់មានកិច្ចព្រមព្រៀងណាមួយលេចឡើងជាសាធារណៈនោះឡើយ៕