មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងប៊ែលក្រាដ របស់ប្រទេសស៊ែរប៊ី កាលពីថ្ងៃចន្ទ (២៤ មីនា) ដើម្បីរលឹកដល់យុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូក្នុងឆ្នាំ១៩៩៩ និងតវ៉ាប្រឆាំងនឹងផែនការអភិវឌ្ឍអគារប្រណីតដោយក្រុមហ៊ុនវិនិយោគ ដែលបង្កើតឡើងដោយលោក Jared Kushner ដែលជាកូនប្រសាររបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ប្រទេសស៊ែរប៊ី បានឃើញការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលជាច្រើនខែមកហើយ បន្ទាប់ពីការស្លាប់ ១៦នាក់ ពីការដួលរលំដំបូលស្ថានីយ៍រថភ្លើង។

ការតវ៉ាថ្មីកាលពីថ្ងៃចន្ទនោះ ធ្វើឡើងនៅមុខអគារពីរខ្នង អតីតទីស្នាក់ការកងទ័ពដែលអាជ្ញាធរស៊ែរប៊ីកាលពីឆ្នាំមុន ជួលឱ្យក្រុមហ៊ុនវិនិយោគ Affinity Partners មានមូលដ្ឋាននៅអាមេរិក របស់លោក Kushner ហើយអ្នកដឹកនាំការតវ៉ាគឺក្រុមនិស្សិតនៃសាកលវិទ្យាល័យរដ្ឋ ប៊ែលក្រាដ ដែលបានដឹកនាំការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់ ៤ខែកន្លងមក។

បាតុករទាមទារមិនឱ្យកម្ទេចអគារចាស់ៗចោលដើម្បីអភិវឌ្ឍថ្មីនោះទេ ដោយនិយាយថា "នេះគឺជាខួបលើកទី២៦ នៃការទម្លាក់គ្រាប់បែករបស់ណាតូ ហើយពួកគេតវ៉ាដោយសារតែអគារនេះគួរតែត្រូវរក្សាទុកដដែល ព្រោះសំណង់ទាំងនោះជាសក្ខីភាពនៃការឈ្លានពានរបស់ណាតូ"។
គួររម្លឹកថា អគារទាំងពីរខ្នងនោះត្រូវបានខូចខាតក្នុងអំឡុងពេលការទម្លាក់គ្រាប់បែករបស់ណាតូ ទៅលើអ្វីដែលកាលពីមុនជាប្រទេសយូហ្គោស្លាវី ដែលរួមមានស៊ែរប៊ី និងម៉ុងតេណេហ្គ្រោ ដើម្បីបញ្ឈប់ការសម្លាប់ជនជាតិអាល់បានីក្នុងពេលការប្រឆាំងការបះបោររបស់នគរបាល៕