ប្រទេសចិន និងជប៉ុន ត្រូវបានចងភ្ជាប់ដោយទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅ និងចំណែករួមគ្នានៅក្នុងស្ថិរភាពក្នុងតំបន់ ហើយកិច្ចប្រឹងប្រែងរួមគ្នាត្រូវតែបង្កើន ដើម្បីរក្សាសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្ដីអត្ថាធិប្បាយរបស់សារព័ត៌មានចិន ស៊ីនហួ។

នៅពេលនៃភាពមិនប្រាកដប្រជាជាសាកលកំពុងកើនឡើង ទំនាក់ទំនងក្នុងន័យស្ថាបនាមិនត្រឹមតែបម្រើផលប្រយោជន៍ជាតិរបស់ភាគីទាំងពីិរប៉ុណ្ណោះទេ ថែមទាំងល្អប្រសើរសម្រាប់តំបន់ទូលំទូលាយទៀតផង។

បន្ទាប់ពីការផ្អាកអស់រយៈពេល ៦ឆ្នាំ ចិន និងជប៉ុនបានបន្តកិច្ចសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់របស់ពួកគេឡើងវិញ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់អាស៊ី។

លើសពីវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរក៏បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានានូវទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងស្ថាបនា។ ភាពកក់ក្ដៅនេះ បង្ហាញពីការយល់ស្របរបស់ភាគីទាំងពីរថា ចិន និងជប៉ុន ក្នុងនាមជាអ្នកជិតខាងជិតស្និទ្ធ បានចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ។
សន្ទុះនៃការកែលម្អទំនាក់ទំនងចិន-ជប៉ុន មិនបានមកដោយងាយស្រួលនោះទេ ដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់នៅក្នុងទីក្រុងតូក្យូថា ចិន និងជប៉ុន បាននិងកំពុងធ្វើការដើម្បីកែលម្អទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ចូលកាន់តំណែងមក៕