ក្រុមព្រឹទ្ធសមាជិកនៃសភាអាមេរិក មកពីបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ កំពុងជំរុញរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ឱ្យចាត់វិធានការបន្ទាន់ ដោយការផ្ទេរ និងជំរុញសម្ព័ន្ធមិត្តឱ្យផ្ទេរទ្រព្យសម្បត្តិរុស្ស៊ី ដែលរឹបអូសបានជាង ៣០០ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន មិនមែនគ្រាន់តែប្រើការប្រាក់បំណុលដើម្បីគាំទ្រទីក្រុងគីវ នោះឡើយ។

ព្រឹទ្ធសមាជិកបានលើកឡើងជាសំណួរនៅក្នុងលិខិតមួយផ្ញើទៅកាន់លោករដ្ឋមន្រ្តីការបរទេស Marco Rubio កាលពីថ្ងៃចន្ទ (២៤ មីនា) ថា "តើរដ្ឋបាលមានទស្សនៈយ៉ាងណាចំពោះការប្រើប្រាស់ហិរញ្ញវត្ថុបង្កកទាំងអស់របស់រុស្ស៊ី ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ ឱ្យបញ្ចប់សង្រ្គាម?"។

លិខិតនេះគឺជាឧទាហរណ៍ដ៏កម្រមួយរបស់សមាជិកជាន់ខ្ពស់នៃបក្សសាធារណរដ្ឋ ដែលដាក់សម្ពាធជាសាធារណៈដល់រដ្ឋបាលលោក Trump ឱ្យកាន់តែតឹងរ៉ឹងជាមួយទីក្រុងមូស្គូ។ សមាជិកសភាអាមេរិក បានអំពាវនាវអស់ជាច្រើនឆ្នាំមកហើយឱ្យរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដើម្បីប្រើប្រាស់កសាងអ៊ុយក្រែនឡើងវិញ ដោយបញ្ចៀសការចំណាយប្រាក់របស់អ្នកជាប់ពន្ធអាមេរិក និងដាក់សម្ពាធទីក្រុងមូស្គូ ឱ្យសម្រេចកិច្ចព្រមព្រៀងសន្តិភាព។

បណ្ដាមេដឹកនាំអ៊ឺរ៉ុបចង់ប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះដើម្បីជួយអ៊ុយក្រែនណាស់ ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយទេដើម្បីបញ្ចៀសបញ្ហាប្រឈមផ្លូវច្បាប់ ឬកំណត់គំរូអន្តរជាតិដែលមានបញ្ហា ដោយមានជម្រើសជាច្រើនកំពុងស្ថិតក្រោមការពិចារណានៅឡើយ៕