ចំហេះព្រៃដ៏កាចសាហាវបានបន្តរីករាលដាលកាន់តែខ្លាំងនៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ (២៤ មីនា) ខណៈអាជ្ញាធរបានកំណត់តំបន់ចំនួនបីបន្ថែមទៀតជា "តំបន់គ្រោះមហន្តរាយពិសេស"។ យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីចំហេះបានផ្ទុះឡើងខ្លាំងនៅក្នុងតំបន់ជាច្រើនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដែលបង្កឡើងដោយខ្យល់បក់ខ្លាំង និងអាកាសធាតុរាំងស្ងួត។

ផ្កាភ្លើងពីម៉ាស៊ីនកាត់ស្មៅបានបង្កជាចំហេះព្រៃដំបូង ដែលបានឆាបឆេះនៅរសៀលថ្ងៃសុក្រសប្ដាហ៍មុន នៅតំបន់ Sancheong ខេត្ត South Gyeongsang ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នេះបើយោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ។ បុគ្គលិកអគ្គិភ័យ និងទាហានរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់នឹងអណ្ដាតភ្លើងដ៏គ្រោះថ្នាក់នោះ។

មន្រ្តីជាន់ខ្ពស់បានប្រាប់កិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយថា ប្រជាពលរដ្ឋជាង ១៥.០០នាក់ បានជ្រកកោននៅជម្រកភៀសខ្លួន ខណៈចំហេះបានបំផ្លាញដីព្រៃឈើជាង ៦.០០០ហិកតា។ គួរឱ្យដឹងថា ចំហេះព្រៃមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសក្នុងខែកុម្ភៈ មីនា និងមេសា នៅពេលដែលលក្ខខណ្ឌស្ងួតខ្លាំងបំផុត៕