ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់អង់ហ្គោឡា បានរាយការណ៍កាលពីថ្ងៃចន្ទ (២៤ មីនា) ថា ករណីជំងឺរបេងសរុបចំនួន ២៨.៧០១ករណី ត្រូវបានកត់ត្រានៅក្នុងរដ្ឋធានីលូអង់ដា ប្រទេសអង់ហ្គោឡា ក្នុងទ្វីបអាហ្រ្វិក នាឆ្នាំ២០២៤។

លោក Fernando Varela ប្រធានសុខាភិបាលរដ្ឋធានីលូអង់ដា បានឱ្យដឹងថា ការស្លាប់សរុបចំនួន ១.០៤០នាក់ ក៏ត្រូវបានកត់ត្រាផងដែរក្នុងអំឡុងពេលនើនៅទីក្រុងលូអង់ដា ដោយសន្មតថា អ្នកស្លាប់ជាច្រើនដោយសារតែទៅមន្ទីរពេទ្យយឺតពេល ជាមួយនឹងការធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ ខណៈអ្នកជំងឺតែងតែស្វះស្វែងរកការថែទាំក្នុងករណីស្ថានភាពធ្ងន់ធ្ងររួចទៅហើយ។

លោក Varela និយាយថា “អ្នកជំងឺជាច្រើនមកដល់ក្នុងស្ថានភាពអាក្រក់រួចទៅហើយ ជាមួយនឹងការខូចខាតសួតធ្ងន់ធ្ងរ និងពិបាកដកដង្ហើម” ដោយន្ថែមថា ការពង្រីកសេវាថែទាំសុខភាពអាចធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង និងការអប់រំជាសាធារណៈអំពីជំងឺរបេង។
គួរឱ្យដឹងថា ជំងឺរបេងគឺជាការបង្ករោគដោយបាក់តេរី Mycobacterium ដែលប៉ះពាល់ដល់សួតជាចម្បង ហើយសាយភាយតាមខ្យល់ នៅពេលមនុស្សដែលមានជំងឺរបេងសកម្ម បានក្អក កណ្តាស់ ឬនិយាយ ហើយក៏អាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀតដូចជាខួរក្បាល និងឆ្អឹងខ្នងផងដែរ៕