អនុរដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិលបូលីវី លោក ហ័ន កាឡូស កាវីម៉ុនតេស (Juan Carlos Calvimontes) បាននិយាយកាលពីថ្ងៃចន្ទ (២៤ មីនា) ថា ចំនួនតំបន់ដែលត្រូវបានប្រកាសដាក់ក្នុងស្ថានភាពគ្រោះមហន្តរាយដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសបូលីវី បានកើនឡើងដល់ ៩០តំបន់ហើយ ខណៈស្ថានភាពគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរ។

លោក Calvimontes បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ឥឡូវនេះមានតំបន់ចំនួន៩០ ត្រូវបានប្រកាសដាក់ក្នុងគ្រោះមហន្តរាយ ហើយមាន ១៩តំបន់ បានប្រកាសដាក់ក្នុងស្ថានភាពអាសន្ន" ដោយបញ្ជាក់ថា ចំនួនគ្រួសារដែលរងផលប៉ះពាល់ក៏បានកើនឡើងដល់ជាង ៣៦៨.៧០០គ្រួសារផងដែរ ដោយតួលេខនេះអាចឡើងខ្ពស់បន្ថែមទៀត។

យោងតាមអាជ្ញាធរបូលីវី តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ ឡា ប៉ាស (La Paz) ភាគខាងលិច តំបន់ សាន់តា គ្រូស (Santa Cruz) ភាគខាងកើត និងតំបន់ កូឆាបាំបា (Cochabamba) ភាគកណ្តាល ជាទីដែលទឹកភ្លៀងបានបណ្តាលឱ្យមានទឹកជំនន់ បំណាក់ដី និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពណ៌ក្រហម សម្រាប់ការកើនឡើងជាលំដាប់នៃកម្ពស់ទឹកទន្លេយ៉ាងគ្រោះថ្នាក់ នៅតាមបណ្តាតំបន់ចំនួន៧ ក្នុងចំណោម ៩តំបន់ធំៗរបស់ប្រទេសនេះ ដែលនឹងមានសុពលភាពរហូតដល់ថ្ងៃទី ០៥ ខែមេសា ខាងមុខ៕