រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសទួរគី លោក Ali Yerlikaya បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាងមួយពាន់នាក់ ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលតវ៉ា បន្ទាប់ពីការដាក់ពន្ធនាគារអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu។

នៅក្នុងការបង្ហោះនៅលើបណ្តាញ X លោកYerlikaya បាននិយាយថា «ជនសង្ស័យចំនួន១.១៣៣នាក់ ត្រូវបានឃុំខ្លួននៅក្នុងសកម្មភាពខុសច្បាប់ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី២៣ខែមីនា» ហើយ «ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន គឺជាបុគ្គលដែលមានទំនាក់ទំនងជាមួយអង្គការភេរវកម្មចំនួន១២ផ្សេងគ្នា»។

អាជ្ញាធរទីក្រុងអ៊ីស្តង់ប៊ុល បានហាមឃាត់ការតវ៉ា និងការបិទផ្លូវមួយចំនួន ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់សកម្មភាពបង្កហេតុដែលអាចកើតមាន។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងនគរបាលបានប៉ះទង្គិចគ្នាម្តងទៀត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីយប់ថ្ងៃច័ន្ទ ទី២៤ ខែមីនា បន្ទាប់ពីតុលាការទួរគី បានដាក់ពន្ធនាគារអភិបាលក្រុង លោក Ekrem Imamoglu ដោយរង់ចាំការកាត់ទោសពីបទពុករលួយ។
ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទ ថា ការតវ៉ាជុំវិញការដាក់ពន្ធនាគារអភិបាលក្រុងអ៊ីស្តង់ប៊ុល បានប្រែទៅជា «ចលនានៃអំពើហិង្សា» និងបាននិយាយថា គណបក្សប្រឆាំងធំនេះ នឹងត្រូវឲ្យទទួលខុសត្រូវចំពោះមន្រ្តីនគរបាលដែលរងរបួស និងការខូចខាតទ្រព្យសម្បត្តិ។