អាជ្ញាធររដ្ឋ បាននិយាយថា មនុស្ស១២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសនៅភាគខាងជើងប្រទេសម៉ិកស៊ិក បន្ទាប់ពីរថយន្តក្រុងខ្នាតតូចមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមួយកន្លែងហើយបានឆាបឆេះ បង្កឱ្យមានចំហេះព្រៃនៅជុំវិញនោះ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅភាគខាងជើងរដ្ឋ Nuevo Leon ដែលមានព្រំប្រទល់ជាប់សហរដ្ឋអាមេរិក។

អាជ្ញាធររដ្ឋបាននិយាយថា រថយន្តដែលបានធ្លាក់ជិត១២០ ម៉ែត្រ ចូលទៅក្នុងជ្រោះ បានដឹកមនុស្ស១៦ នាក់ ប៉ុន្តែពុំទាន់មានព័ត៌មានភ្លាមៗថា អ្នកដំណើរបានមកពីតំបន់ណា និងចំនួនមនុស្សពិតប្រាកដប៉ុន្មាននាក់ រួមទាំងអ្នកបើកបរ ផងនោះ។

ខណៈមនុស្សមួយចំនួនបានស្លាប់នៅកន្លែងកើតហេតុ ខ្លះទៀតត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យដែលក្រោយមកត្រូវបានប្រកាសថាស្លាប់។ រូបភាពដែលបានចែករំលែកដោយអាជ្ញាធរ បានបង្ហាញពីផ្សែងហុយចេញពីព្រៃស្ងួត ជាកន្លែងដែលភ្លើងព្រៃបានឆេះរាលដាលយ៉ាងឆាប់រហ័ស ហើយឧទ្ធម្ភាគចក្រ កំពុងធ្វើការដើម្បីពន្លត់ភ្លើង។ អាជ្ញាធររដ្ឋបានប៉ាន់ស្មានថា ផ្ទៃដីព្រៃប្រហែល២ហិកតាត្រូវបានឆាបឆេះ មុនពេលអគ្គិភ័យត្រូវបានគ្រប់គ្រង។