អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov និយាយថា ការរៀបចំកំពុងដំណើរការសម្រាប់មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។

កាលពីថ្ងៃចន្ទ លោក Peskov ត្រូវបានសួរដោយក្រុមអ្នកសារព័ត៌មាន អំពីថាតើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់លោក Kim ត្រូវបានពិភាក្សានៅពេលដែលរដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន ឬយ៉ាងណា។

លោក Peskov បាននិយាយថា លោក Kim មានការអញ្ជើញ «ជាផ្លូវការ» ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយពេលវេលានឹងត្រូវបានសម្របសម្រួលតាមរយៈបណ្តាញការទូត។
នៅខែមិថុនា ឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបលោក Kim នៅទីក្រុងព្យុងយ៉ាង។ នៅពេលនោះ លោក Putin បាននិយាយថា លោកសង្ឃឹមថា ជំនួបកំពូលបន្ទាប់របស់លោក នឹងធ្វើឡើងនៅទីក្រុងមូស្គូ។
ក្នុងអំឡុងពេលជំនួបចុងក្រោយរបស់ លោក Shoigu ជាមួយលោក Kim លោកបានប្រគល់លិខិតមួយច្បាប់របស់លោកPutin ដល់មេដឹកនាំកូរ៉េខាងជើង។ ប្រភពការទូតរុស្ស៊ី និយាយថានៅក្នុងលិខិត លោកPutin បានអញ្ជើញ លោកKim ធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី។