ប្រធានគោលនយោបាយការបរទេសអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទ ទី២៤ មីនា បន្ទាប់ពីបានជួបជាមួយអាជ្ញាធរប៉ាឡេស្ទីន លោក Mohammad Mustafa ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Ramallah តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលថា សហភាពអឺរ៉ុបមើលឃើញអាជ្ញាធរប៉ាឡេស្ទីន មានលទ្ធភាពល្អបំផុតដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា។

លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមថា សហភាពអឺរ៉ុបថ្កោលទោសចំពោះការបន្តសង្គ្រាមនៅតំបន់ហ្កាហ្សា និងគាំទ្រដល់ «ការត្រឡប់ទៅរកបទឈប់បាញ់»។

ដោយនិយាយអំពីបញ្ហានៅតំបន់ West Bank លោកស្រី Kaja បាននិយាយថា «អំពើហិង្សារបស់អ្នកតាំងលំនៅនិងការតាំងលំនៅថ្មីដែលកំពុងសាងសង់ កំពុងធ្វើឱ្យអន្តរាយដល់ការរំពឹងទុកនៃដំណោះស្រាយរដ្ឋពីរ» ដែលលោកស្រីបានហៅថា «វិធីតែមួយដើម្បីឈានទៅរកសន្តិភាពប្រកបដោយនិរន្តរភាព»។ លោកស្រី Kallas ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ West Bank កាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ជាកន្លែងដែលលោកស្រីបានពិភាក្សាអំពីផែនការកសាងតំបន់ហ្កាហ្សាឡើងវិញ ជាមួយអ្នកតំណាងមកពីប្រទេសអេហ្ស៊ីប ហ្ស៊កដានី កាតា អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួម។
ដំណើរទស្សនកិច្ចរបស់លោកស្រី ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានបើកយុទ្ធនាការតាមអាកាសនិងជើងគោកថ្មី ប្រឆាំងក្រុមហាម៉ាស។