សារព័ត៌មាន The Wall Street Journal និង Bloomberg បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទំនងជានឹងមិនរាប់បញ្ចូលការដំឡើងពន្ធលើវិស័យជាក់លាក់នោះទេ ខណៈ កំពុងអនុវត្តការដំឡើងពន្ធបដិការនៅថ្ងៃទី២ ខែមេសា ប៉ុន្តែមន្ត្រីរដ្ឋបាលរបស់លោក Trump កាលពីថ្ងៃច័ន្ទ ទី២៤ មីនា បានព្រមានថា ស្ថានភាពមានការប្រែប្រួល ប៉ុន្តែគ្មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនោះទេ។

លោក Trump ខ្លួនលោកផ្ទាល់នឹងកំណត់ខ្លឹមសារនៃសេចក្តីប្រកាសថ្ងៃទី២ ខែមេសា ដែលលោក បានហៅថាជា «ថ្ងៃរំដោះ» សម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Trump បាននិយាយថា លោកនឹងប្រកាសការដំឡើងពន្ធលើរថយន្ត អាលុយមីញ៉ូម និងឱសថ នៅពេលអនាគតដ៏ឆាប់ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick បាននិយាយនៅក្នុងកិច្ចប្រជុំថា នៅថ្ងៃទី២ ខែមេសា ជាថ្ងៃដែលលោក Trump បានកំណត់គោលដៅដើម្បីដាក់បន្ថែមពន្ធ ដែលសហរដ្ឋអាមេរិកនឹងចាប់ផ្តើមជាអ្វីលោកហៅថា «សេវាប្រាក់ចំណូលពីខាងក្រៅ»។
លោក Trump ក៏បានជំរុញឱ្យធនាគារកណ្តាលអាមេរិក ទម្លាក់អត្រាការប្រាក់បន្ទាប់ពីធនាគារកណ្តាលអាមេរិក កាលពីសប្តាហ៍មុនបានរក្សាការមិនផ្លាស់ប្តូរ។