លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថា លោកអាចទុកឱកាសដល់ប្រទេសជាច្រើនលើការដំឡើងពន្ធ ខណៈកាលបរិច្ឆេទកំណត់ថ្ងៃទី ២ ខែមេសា របស់លោក ក្នុងការអនុវត្តន៍ពន្ធបដិការ ឬការដំឡើងពន្ធទៅវិញទៅមកស្មើគ្នា លើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីរសៀលថ្ងៃចន្ទថា លោកអាចទុកឱកាសលើប្រទេសជាច្រើនសម្រាប់ការដំឡើងពន្ធ ប៉ុន្តែជាការដំឡើងពន្ធបដិការ។

លោកបានកត់សម្គាល់ថាសហភាពអឺរ៉ុប បានយល់ព្រមបន្ទាបពន្ធលើរថយន្តមកត្រឹម ២,៥ ភាគរយដែលជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់លោក Trump ។
លោក Trump បានបន្តថា យើងនឹងប្រកាសការដំឡើងពន្ធបន្ថែមមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយត្រូវធ្វើទៅលើរថយន្ត និងត្រូវដំឡើងពន្ធបន្តិចលើឈី ការដឹកជញ្ជួនឈើ និងបន្ទះឈីប។
លោក Trump បាននិយាយថា ប៉ុន្តែសម្រាប់ផ្នែកភាគច្រើន ថ្ងៃទី ២ ខែមេសា នឹងក្លាយជាថ្ងៃដ៏សំខាន់មួយ ដែលនឹងក្លាយជាថ្ងៃដំឡើងពន្ធមានកម្រិតស្មើគ្នាទៅលើដៃគូពាណិជ្ជកម្ម ហើយយើងនឹងនាំយកប្រាក់មួយចំនួនមកវិញដែលពួកគេបានយកពីយើងទៅ ។

នៅព្រឹកថ្ងៃដដែល លោក Trump បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងដំឡើងពន្ធ ២៥ ភាគរយលើប្រទេសណាមួយ ដែលទិញប្រេង ឬឧស្ម័នពីប្រទេសវេណេស៊ុយអេឡា ដោយចោទប្រកាន់ប្រទេសអាមេរិកឡាទីនមួយនេះថាបានបញ្ជូនឧក្រិដ្ឋជនរាប់ម៉ឺននាក់ទៅកាន់សហរដ្ឋអាមេរិក។
នៅពេលសួរដោយអ្នកសារព័ត៌មានថាតើការដំឡើងពន្ធ ២៥ ភាគរយ គឺដាក់ពីលើពន្ធដែលមានស្រាប់ឬយ៉ាងណា លោក Trump បាននិយាយថា ពិតមែនហើយ៕