គណៈប្រតិភូអ៊ុយក្រែន និងអាមេរិក គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ (២៥ មីនា) នេះ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីកិច្ចពិភាក្សារុស្ស៊ី-អាមេរិកបានធ្វើឡើងរួចរាល់នៅទីនោះ លើសំណើបទឈប់បាញ់មានកំណត់នៅសមុទ្រខ្មៅ ដែលក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងបើកផ្លូវសម្រាប់ការចរចាសន្តិភាពកាន់តែទូលំទូលាយ។

កិច្ចចរចារយៈពេលមួយថ្ងៃកាលពីថ្ងៃចន្ទ នៅអារ៉ាប៊ីសាអ៊ូឌីត រវាងមន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវបានទីក្រុងវ៉ាស៊ីនតោន សាទរថាជាជំហានមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្រ្គាមដែលមានអាយុកាលជាងបីឆ្នាំមកនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់លោកកាលពីថ្ងៃចន្ទថា ក្រុមមន្ត្រីរបស់លោកនៅទីក្រុងរីយ៉ាដ នឹងជួបជាមួយក្រុមមន្រ្តីអាមេរិកនាថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចារបស់រុស្ស៊ី-អាមេរិករួច ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។

កិច្ចពិភាក្សារុស្ស៊ី-អាមេរិក កាលពីថ្ងៃចន្ទនៅអារ៉ាប៊ីសាអ៊ូឌីតនោះ បានកើតឡើងបន្ទាប់ពីជំនួបតាមទូរសព្ទកាលពីសប្តាហ៍មុនរវាងលោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយក៏ជាការតាមដានកិច្ចប្រជុំរវាងក្រុមមន្ត្រីអ៊ុយក្រែន និងអាមេរិក ដែលបានធ្វើឡើងម្ដងរួចហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ នៅអារ៉ាប៊ីសាអូឌីតផងដែរ៕