ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ជាថ្មីម្ដងទៀតកាលពីថ្ងៃចន្ទ (២៤ មីនា) ថា លោករំពឹងថា កិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណូលរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ស្តីពីធនធានរ៉ែសំខាន់ៗរបស់អ៊ុយក្រែន នឹងត្រូវបានចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។

លោក Trump ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរ នៅពេលលោកជួបគណៈរដ្ឋមន្ត្រីថា សហរដ្ឋអាមេរិក កំពុងពិភាក្សាជាមួយអ៊ុយក្រែន អំពីលទ្ធភាពសម្រាប់ក្រុមហ៊ុនអាមេរិក ឱ្យបង្កើតរោងចក្រថាមពលនៅអ៊ុយក្រែន។

ដំណឹងកិច្ចព្រមព្រៀងរ៉ែនោះ កើតឡើងបន្ទាប់ពីគណៈប្រតិភូអាមេរិក បានជួបជាមួយមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ និងជាមួយមន្ត្រីរុស្ស៊ី នៅថ្ងៃចន្ទ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ កិច្ចពិភាក្សាផ្តោតភាគច្រើនលើបទឈប់បាញ់នៅសមុទ្រខ្មៅ ប៉ុន្តែលោក Trump និយាយថា ប្រធានបទផ្សេងទៀតក៏កំពុងលើកឡើង ខណៈលោកជំរុញឱ្យមានការបញ្ឈប់សង្គ្រាមអ៊ុយក្រែន។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានលើកឡើងនៅដើមខែមីនាថា ការផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោន នូវផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់អ៊ុយក្រែន នឹងបម្រើជាការធានាសន្តិសុខដ៏ល្អបំផុតសម្រាប់ទីក្រុងគីវ ដែលកំពុងទប់ទល់នឹងប្រតិបត្តិការយោធារុស្ស៊ី តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២ មក៕