ប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្រ្តីរបស់កូរ៉េខាងត្បូង លោក Han Duck-soo បានអំពាវនាវឱ្យបង្កើនការត្រៀមខ្លួនខាងយោធាប្រឆាំងនឹង "ការបង្កហេតុ" នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង នៅល្ងាចថ្ងៃចន្ទ (២៤ មីនា) ភ្លាមៗបន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចប្រគល់តំណែងឱ្យលោកឡើងវិញ ជុំវិញសាលក្រមក្ដីចោទប្រកាន់ទម្លាក់តំណែង។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោក Han បាននិយាយថា "ស្ថានការណ៍សន្តិសុខដែលកូរ៉េខាងត្បូង កំពុងប្រឈមមុខគឺធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ដោយកូរ៉េខាងជើងនៅតែបន្តការបង្កហេតុខាងយោធា រួមទាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត"។

ការព្រមានរបស់លោក Han អំពី "ការបង្កហេតុ" និងការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើងនោះ ធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាស "ជំនាន់ថ្មី" ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំ Kim Jong Un លើមូលដ្ឋានផលិតនាវាកងទ័ពជើងទឹក និងចោរកម្មតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង ក្នុងទឹកប្រាក់គ្រីបតូ ១,៥ពាន់លានដុល្លារ កាលពីខែមុន។

វិទ្យាស្ថានសម្រាប់ការរំសាយអាវុធ និងសន្តិភាពរបស់ក្រសួងការបរទេសទីក្រុងព្យុងយ៉ាង ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយរិះគន់សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានបញ្ចប់កាលពីសប្តាហ៍មុន ដោយសន្យាថានឹង "ពន្លឿនកិច្ចខិតខំប្រឹងប្រែងការពារស្វ័យការពារ" របស់ខ្លួន៕