អ្នកកាសែត AFP បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយហិង្សាមួយបានផ្ទុះឡើងកាលពីថ្ងៃចន្ទ (២៤ មីនា) នៅទីក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) ប្រទេសឥណ្ឌូនេស៊ី រវាងនគរបាល និងក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងច្បាប់យោធាដ៏ចម្រូងចម្រាស ដែលទើបអនុម័តថ្មីរបស់ប្រទេសនេះ។

សិស្សានុសិស្ស និងសកម្មជនប្រមាណ ១.០០០នាក់ ស្លៀកពាក់ឈុតខ្មៅបានចូលរួមក្នុងការតវ៉ានៅមុខអគាររដ្ឋាភិបាលខេត្តជ្វាខាងកើត ដោយកាន់ផ្ទាំងរូបភាពដែលសរសេរថា "បដិសេធច្បាប់យោធា" និង "យោធាគួរតែត្រលប់ទៅបន្ទាយវិញ" ខណៈក្រុមអ្នកតវ៉ាបានគប់ដុំថ្ម ដំបង និងគ្រាប់បែកសាំងដាក់នគរបាល ដែលគ្រប់គ្រងបាតុកម្ម។

នៅទីបំផុត នគរបាលបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកក្រុមបាតុករនៅម៉ោងប្រហែល ៧យប់ (ម៉ោងក្នុងស្រុក)។ សកម្មជនសិទ្ធិមនុស្សមកពីគណកម្មាធិការជនបាត់ខ្លួន និងជនរងគ្រោះនៃអំពើហិង្សា បានប្រាប់សារព័ត៌មាន AFP ថា "មនុស្សរាប់សិបនាក់កំពុងត្រូវបានឃុំខ្លួន ប៉ុន្តែមិនទាន់មានសេចក្ដីលម្អិតបន្ថែមទៀតនោះទេ"។

សភាឥណ្ឌូនេស៊ី បានអនុម័តវិសោធនកម្មច្បាប់យោធាកាលពីថ្ងៃទី២០ ខែមីនា ទោះបីជាមានការតវ៉ាប្រឆាំងថា ច្បាប់នេះនឹងពង្រីកតួនាទីរបស់កងកម្លាំងប្រដាប់អាវុធក្នុងកិច្ចការស៊ីវិលក៏ដោយ៕