តាមប្រភពពីរនាក់ដែលបានពិនិត្យមើលផែនការសង្រ្គាមអ៊ីស្រាអែល បានឱ្យដឹងថា យោធាអ៊ីស្រាអែល បានរៀបចំផែនការសម្រាប់ការវាយលុកជើងគោកដ៏ធំមួយចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីកាន់កាប់ដែនដីនេះទាំងស្រុងក្នុងរយៈពេលពីរបីខែ និងបង្កើតការគ្រប់គ្រងយោធានៅទីនោះ។

ដំណឹងនេះកើតឡើងនៅពេលអ៊ីស្រាអែល វិលត្រឡប់ទៅធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សាវិញ ដោយបញ្ចប់បទឈប់បាញ់រយៈពេលពីរខែកាលពីសប្តាហ៍មុន និងបានវាយលុកតាមអាកាសយ៉ាងខ្លាំងក្លាសំដៅទៅលើមន្ត្រីក្រុមហាម៉ាស ដែលបានជំរុញឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងទឹកដីហ៊ុមព័ទ្ធនេះឡើងលើសពី ៥០.០០០នាក់ នេះបើតាមមន្ត្រីសុខាភិបាលហ្កាហ្សា។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ផែនការនោះត្រូវបានបង្ហាញទៅកាន់គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល ប៉ុន្តែគេមិនច្បាស់ទេថា តើផែនការនេះនឹងត្រូវអនុវត្តនៅពេលណា និងថាតើគម្រោងទាំងនោះជាយុទ្ធសាស្ត្រចរចាដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ថ្នូរន្ថែម ឬយ៉ាងណាទេ។

ការកាន់កាប់តំបន់ហ្កាហ្សា និងការបង្កើតការគ្រប់គ្រងយោធានៅទីនោះ នឹងហួសពីគោលដៅសង្រ្គាមដែលបានបញ្ជាក់របស់អ៊ីស្រាអែល ដែលធ្លាប់និយាយថា ប្រតិបត្តិការសឹករបស់ខ្លួនគឺគ្រាន់តែដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស និងនាំយកចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មកវិញប៉ុណ្ណោះ៕