បញ្ជាការកងទ័ពលីបង់កាលពីថ្ងៃចន្ទ បានប្រកាសពីការចាប់ខ្លួនជនជាតិលីបង់ និងស៊ីរីជាច្រើននាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការរត់ពន្ធ និងការបើកឡើងវិញនូវច្រកព្រំដែនខុសច្បាប់ នៅក្នុងតំបន់ Masharih Al-Qaa ភាគខាងកើតប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ បញ្ជាការកងទ័ព បាននិយាយថា ការល្បាតរបស់នាយកដ្ឋានស៊ើបការណ៍សម្ងាត់ បានរារាំងការប៉ុនប៉ង ដើម្បីរត់ពន្ធអាវុធពីទឹកដីស៊ីរី ចូលទៅក្នុងប្រទេសលីបង់ ដោយរឹបអូសបានកាំភ្លើងជាច្រើនដើម និងទំនិញរត់ពន្ធផ្សេងទៀត នៅក្នុងតំបន់ Zahle ក្នុងភូមិ Bekaa។

ការស៊ើបអង្កេត កំពុងបន្តដើម្បីចាប់ខ្លួនអ្នកផ្សេងទៀត ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនេះ។
សេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ ដែលលីបង់ ត្រូវតម្រូវឲ្យអនុវត្ត បង្ហាញពីសារៈសំខាន់នៃការគ្រប់គ្រងទាំងស្រុងរបស់រដ្ឋាភិបាលលីបង់លើទឹកដីលីបង់ទាំងមូល។
កាតព្វកិច្ចនេះ ត្រូវបានគូសបញ្ជាក់ នៅក្រោមសេចក្តីសម្រេចលេខ ១៥៥៩ និង ១៦៨០ របស់អង្គការសហប្រជាជាតិ ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធនៃកិច្ចព្រមព្រៀងទីក្រុងTaif ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវីល នៅប្រទេសលីបង់។