ខណៈដែលគណៈប្រតិភូអាមេរិក-អ៊ុយក្រែន និងសហរដ្ឋអាមេរិក-រុស្ស៊ី បានជួបពិភាក្សាគ្នាដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ការព្រួយបារម្ភកាន់តែខ្លាំងឡើង កំពុងកើតឡើង នៅក្នុងទ្វីបអឺរ៉ុប ជុំវិញការបដិសេធមិនឲ្យខ្លួនចូលរួម ក្នុងការចរចាសន្តិភាពនេះ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានពណ៌នាកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យថា បានផ្តល់នូវ«លទ្វផលផ្លែផ្កា និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង» ដោយបញ្ជាក់ថា «ចំណុចសំខាន់ៗរួមទាំងបញ្ហាថាមពល» ត្រូវបានដោះស្រាយ។ លោក Umerov ដែលដឹកនាំគណៈប្រតិភូអ៊ុយក្រែន បានសង្កត់ធ្ងន់ថា គោលដៅរបស់លោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) គឺ «ដើម្បីទទួលបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង»សម្រាប់អ៊ុយក្រែន និងអឺរ៉ុបទាំងមូល។On កាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ចែករំលែក «បំណងប្រាថ្នា និងការត្រៀមខ្លួន» ដើម្បីបន្តការដោះស្រាយដោយសន្តិវិធី។ លោកបានលើកឡើងថា កិច្ចពិភាក្សានេះ បានគ្របដណ្តប់លើបញ្ហាបច្ចេកទេសផ្សេងៗ រួមទាំងការបន្តឡើងវិញនូវសក្តានុពលនៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅ។

ទោះជាយ៉ាងណាក៏ដោយ អវត្តមានតំណាងអឺរ៉ុប ក្នុងកិច្ចពិភាក្សានេះ បានបង្កការព្រួយបារម្ភក្នុងចំណោមមន្ត្រី និងក្រុមអ្នកវិភាគ។ ចាប់ពីការពិភាក្សាអំពីសមុទ្រខ្មៅ រហូតដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពកាន់តែទូលំទូលាយ អ្នកសង្កេតការណ៍អឺរ៉ុបមួយចំនួន បានព្រមានថា ការសម្រេចចិត្តសំខាន់ៗ កំពុងត្រូវបានធ្វើឡើង ដោយគ្មានការចូលរួមពីអឺរ៉ុប។
ព្រឹត្តិបត្រព័ត៌មាន Financial Times កាលពីថ្ងៃចន្ទ បានរាយការណ៍ថា មន្ត្រីមកពីប្រទេសរូម៉ានី និងប៊ុលហ្គារី ដែលជាប្រទេសសមុទ្រខ្មៅទាំងពីរ បានសម្តែងការព្រួយបារម្ភជាឯកជន ចំពោះការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងស្ថានភាពបច្ចុប្បន្នក្នុងតំបន់ ដោយអះអាងថា ការផ្លាស់ប្តូរបែបនេះ អាចប៉ះពាល់ដល់សន្តិសុខរបស់ពួកគេ ដោយពុំបានដឹងជាមុន។